ព័ត៌មាន

វៀតណាមយកចិត្តទុកដាក់ជាពិសេសចំពោះទំនាក់ទំនងសហប្រតិបត្តិការ មិត្តភាព ជាប្រពៃណីជាមួយប្រទេសម៉ូសំប៊ិក

ពិធីទទួលស្វាគមន៍ជាផ្លូវការប្រធានរដ្ឋ សភាលោកស្រី Esperanca Laurinda Francisco Nhiuane Bias បានប្រព្រឹត្តទៅយ៉ាងឱឡារិក នាព្រឹកថ្ងៃទី២០ មិថុនា នៅទីក្រុងហាណូយ ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue។
  ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងប្រធានរដ្ឋសភានៃសាធារណរដ្ឋម៉ូសំប៊ិកលោកស្រី Esperanca Laurinda Francisco Nhiuane Bias ថតរូបរួមគ្នា (រូបថត៖ Doan Tan/TTXVN)  

តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ប្រធានរដ្ឋសភាម៉ូសំប៊ិកលោកស្រី Esperanca Laurinda Francisco Nhiuane Bias បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៣ មិថុនា។ ពិធីទទួលស្វាគមន៍ជាផ្លូវការប្រធានរដ្ឋសភាលោកស្រី Esperanca Laurinda Francisco Nhiuane Bias បានប្រព្រឹត្តទៅយ៉ាងឱឡារិក នាព្រឹកថ្ងៃទី២០ មិថុនា នៅទីក្រុងហាណូយ ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue។ បន្ទាប់ពីពិធីស្វាគមន៍ ប្រធានរដ្ឋសភាទាំងពីររូបបានជួបពិភាក្សាការងារ។

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជឿជាក់យ៉ាងមុតមាំថា ដំណើរទស្សនកិច្ចនេះនឹងទទួលបានជោគជ័យយ៉ាងធំធេង; រួមចំណែកជាក់ស្តែងក្នុងការបង្រួបបង្រួម និងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពប្រពៃណីរវាងប្រជាជនទាំងពីរ; នាំទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព។ វៀតណាមតែងតែយកចិត្តទុកដាក់ជាពិសេសចំពោះកិច្ចសហប្រតិបត្តិការ មិត្តភាព និងទំនាក់ទំនងប្រពៃណីជាមួយម៉ូសំប៊ិក ដោយចាត់ទុកម៉ូសំប៊ិកជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៥ នៅក្នុងទ្វីបអាហ្រ្វិក ដែលចាំបាច់ត្រូវផ្តល់អាទិភាពដល់ការលើកកម្ពស់ទំនាក់ទំនងនយោបាយ-ការទូត និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅក្នុងរយៈពេលបច្ចុប្បន្ន ក៏ដូចជាវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ប្រទេសម៉ូសំប៊ិកនៅអាហ្វ្រិកនិងក្នុងពិភពលោក។ ប្រធានរដ្ឋសភាលោក Vuong Dinh Hue សង្ឃឹមថាភាគីទាំងពីរនឹងបន្តសហការយ៉ាងជិតស្និទ្ធ និងសកម្មគាំទ្រគ្នាទៅវិញទៅមក ដើម្បីឈរឈ្មោះបេក្ខភាពនៃបណ្តាអង្គការអន្តរជាតិ ជាពិសេសនៅអង្គការសហប្រជាជាតិ ចលនាមិនចូលបក្សសម្ព័ន្ធ អាស៊ាន-សហភាពអាហ្វ្រិក។

  ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថត៖ Doan Tan/TTXVN)  

ប្រធានរដ្ឋសភាលោកស្រី Esperanca Laurinda Francisco Nhiuane Bias បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងប្រជាជនវៀតណាមចំពោះប្រទេសម៉ូសំប៊ិកក្នុងអតីតកាល និងបច្ចុប្បន្នកាល។ វៀតណាមបានបោះឆ្នោតគាំទ្រម៉ូសំប៊ិកទទួលតួនាទីជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២២-២០២៤។ យោងតាមប្រធានរដ្ឋសភាលោកស្រី Esperanca Laurinda Francisco Nhiuane Bias ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមលើកនេះ មិនត្រឹមតែពង្រឹងទំនាក់ទំនងរវាងរដ្ឋសភាទាំងពីរប៉ុណ្ណោះទេ ថែមទាំងជំរុញទំនាក់ទំនងសេដ្ឋកិច្ចនៃប្រទេសទាំងពីរទៀតផង។

បន្ទាប់ពីជំនួបពិភាក្សា ប្រធានរដ្ឋសភាទាំងពីរបានចុះហត្ថលេខាលើអនុស្សារណៈ យោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងរដ្ឋសភាម៉ូសំប៊ិក៕


top