ព័ត៌មាន

វៀតណាមម្ចាស់ការចូលរួមវិភាគទានកាន់តែច្រើនដល់អាស៊ាន

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប្រធានអាស៊ានឆ្នាំ២០២៥ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វា មិញជីញ បានអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់អាស៊ានលើកទី៤៧ និងសន្និសីទពាក់ព័ន្ធនានាចាប់ពីថ្ងៃទី ២៥-២៨ ខែតុលា។ ដោយបានពង្រីកតួនាទីអស់រយៈពេល ៣០ឆ្នាំចូលរួមអាស៊ាន វៀតណាមបន្តចូលរួមចំណែកយ៉ាងសកម្ម និងបញ្ជាក់ពីសំឡេងដ៏សំខាន់របស់ខ្លួនក្នុងអាស៊ាន នៅក្នុងសន្និសីទទាំងនេះ។
ប្រភព៖ ក្រសួងការបរទេស

ដោយប្រធានបទ "បរិយាប័ន្ន និងនិរន្តរភាព" សន្និសីទជាន់ខ្ពស់អាស៊ានលើកទី ៤៧ បានអះអាងពីការសន្យារបស់អាស៊ានក្នុងការកសាងសហគមន៍មួយដែលមានការតភ្ជាប់ផង និងឆ្ពោះទៅអនាគត ផង។

ពង្រឹងសាមគ្គីភាព និងឯកភាពក្នុងអាស៊ាន

ក្រោយរយៈពេលជិត ៦០ឆ្នាំនៃការកកើតនិងអភិវឌ្ឍន៍ អាស៊ានបន្តជាចំណុចភ្លឺស្វាងនិងជាកម្លាំងចលករសម្រាប់កិច្ចសហប្រតិបត្តិការពហុភាគី។ អាស៊ានបានរក្សាសន្ទុះនៃកិច្ចសហប្រតិបត្តិការ និងសម្រេចបានលទ្ធផលជាក់ស្តែងជាច្រើន ជាពិសេសតាមរយៈចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៤។

ការតភ្ជាប់សេដ្ឋកិច្ចក្នុងប្លុកនិងក្រៅប្លុកត្រូវបានពង្រឹងតាមរយៈបណ្តាញនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)។ យន្តការអាស៊ាននៅតែទទួលបានការគាំទ្រ ការយកចិត្តទុកដាក់ និងការចូលរួមពីដៃគូនានា ជាពិសេសប្រទេសធំៗនៅលើពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ អាស៊ានក៏កំពុងប្រឈមមុខនឹងបញ្ហាសាកល្បងជាច្រើន ជាពិសេសការប្រកួតប្រជែងជាយុទ្ធសាស្ត្រកាន់តែស្វិតស្វាញ់រវាងប្រទេសធំៗនៅក្នុងតំបន់ ដែលដាក់ចេញតម្រូវការថ្មីសម្រាប់អាស៊ានក្នុងការលើកកម្ពស់គោលការណ៍និងស្តង់ដារប្រតិបត្តិ លើកកម្ពស់សមត្ថភាពព្រមាន ទប់ស្កាត់ និងគ្រប់គ្រងជម្លោះ។

ក្នុងបរិបទនោះ របៀបវារៈនៃសន្និសីទជាន់ខ្ពស់អាស៊ានលើកទី៤៧ បានផ្តោតលើខ្លឹមសារដូចជា៖ ការពង្រឹងសាមគ្គីភាពនិងឯកភាពរបស់អាស៊ានតាមរយៈការបញ្ចូលទីម័រលេស្តេជាសមាជិកពេញសិទ្ធិទី១១; ជំរុញសន្តិភាព និងសន្តិសុខក្នុងតំបន់; គាំទ្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហាសាកល្បងផ្នែកសេដ្ឋកិច្ចនិងភូមិសាស្ត្រនយោបាយ។ ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅអាស៊ាន លោកស្រី Sarah Al Bakri Devadason បានឲ្យដឹងថា៖ “ឯកសារលទ្ធផលសំខាន់ៗចំនួន ៨៤ និងឯកសារជាច្រើនទៀតត្រូវបានរំពឹងថានឹងបានអនុម័ត។ គួរឲ្យកត់សម្គាល់ថា នឹងមានកិច្ចប្រជុំកំពូលសេដ្ឋកិច្ចនិងពាណិជ្ជកម្ម រវាងអាស៊ាននិងប្រទេសដៃគូចំនួន ៥ (RCEP)។ នេះជាកិច្ចប្រជុំលើកដំបូងចាប់តាំងពីកិច្ចព្រមព្រៀងនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២២ មក ដែលជាឱកាសសម្រាប់ថ្នាក់ដឹកនាំអាស៊ាន ធ្វើការពិភាក្សាអំពីរបៀបជំរុញនិងតភ្ជាប់បណ្តាប្រទេសជាមួយគ្នា ដើម្បីបង្កើតបរិយាកាសសហប្រតិបត្តិការសេដ្ឋកិច្ចបើកចំហ និងទូលំទូលាយ”។

ដើម្បីជំរុញប្រធានបទ "បរិយាប័ន្ន និងនិរន្តរភាព" សន្និសីទជាន់ខ្ពស់អាស៊ានលើកទី ៤៧ ឆ្ពោះទៅរកគោលដៅសមាហរណកម្មកាន់តែជិតស្និទ្ធនៃសហគមន៍អាស៊ាន ដោយផ្តោតលើការកសាងសហគមន៍ផ្អែកលើវិស័យដូចជា៖ ការប្រគល់សិទ្ធិដល់យុវជន ចំណេះដឹងឌីជីថល ចំណេះដឹងបញ្ញាសិប្បនិម្មិត និងសកម្មភាពដើម្បីអាកាសធាតុ...។

វៀតណាមត្រៀមខ្លួនជាស្រេចក្នុងការចូលរួមចំណែកកាន់តែច្រើន និងម្ចាស់ការជាង

ក្រោយរយៈពេល ៣ ទសវត្សរ៍នៃការចូលរួមអាស៊ាន វៀតណាមបន្តឈរលើស្មារតីត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមចំណែកកាន់តែច្រើននិងម្ចាស់ការជាងទៅក្នុងការងាររួម។ ក្នុងនាមជាប្រធានក្រុមការងារគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន (IAI) នៅឆ្នាំនេះ វៀតណាមបន្តបង្ហាញពីការសន្យាចំពោះរបៀបវារៈកំណើនប្រកបដោយបរិយាប័ន្នរបស់អាស៊ាន។

ដោយវាយតម្លៃជាវិជ្ជមានចំពោះតួនាទីនិងការរួមចំណែករបស់វៀតណាម ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅអាស៊ាន លោកស្រី Sarah Al Bakri Devadason បានបញ្ជាក់ថា៖ “នៅឆ្នាំ ២០២៥ វេទិកាអនាគតអាស៊ាន ដែលរៀបចំដោយវៀតណាមបានបង្កើតវេទិកាមួយសម្រាប់ថ្នាក់ដឹកនាំ ដើម្បីពិភាក្សាអំពីអនាគតអាស៊ាន។ គំនិតផ្តួចផ្តើមទាំងនេះ ក៏នឹងរួមចំណែកដល់ការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥។ ប្រទេសម៉ាឡេស៊ីសង្ឃឹមថាវេទិកានេះនឹងបន្ត ដោយសារវេទិកានេះ ជាវេទិកាមួយដើម្បីប្រមូលផ្តុំថ្នាក់ដឹកនាំអាស៊ាន និងចែករំលែកចក្ខុវិស័យរបស់ថ្នាក់ដឹកនាំអាស៊ាន។ ខ្ញុំគិតថា វៀតណាមបានរួមចំណែកយ៉ាងធំធេងដល់អាស៊ានក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក ហើយប្រាកដថា វៀតណាមអាចនាំមកនូវអត្ថប្រយោជន៍កាន់តែច្រើនដល់អាស៊ាន”។

កិច្ចខិតខំប្រឹងប្រែងនិងការរួមចំណែករបស់វៀតណាមក៏ត្រូវបានទទួលស្គាល់ដោយអគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន ផងដែរ៖ “កម្លាំងរបស់សមាគមអាចរក្សាបាន លុះត្រាតែប្រទេសសមាជិកនីមួយៗអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានិងបន្តការសន្យាកសាងសហគមន៍តំបន់។ ក្នុងបរិបទដែលអាស៊ានអនុម័តលើចក្ខុវិស័យសហគមន៍អាស៊ានរហូតដល់ឆ្នាំ ២០៤៥ នៅឆ្នាំនេះ តួនាទីដឹកនាំនិងសកម្មរបស់វៀតណាមបន្តរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតអនាគតរួមរបស់អាស៊ាន”

រួមជាមួយប្រទេសដទៃទៀតដើម្បីពង្រឹងសាមគ្គីភាព និងឯកភាពរបស់អាស៊ាន ក្នុងបរិបទនៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនិងស្មុគស្មាញនាបច្ចុប្បន្ន បានអះអាងពីឋានៈរបស់អាស៊ាននៅក្នុងតំបន់និងលើពិភពលោក ឆ្ពោះទៅរកសហគមន៍អាស៊ានដែលមានការតភ្ជាប់និងខ្លួនទីពឹងខ្លួន... តែងតែជាកិច្ចខិតខំប្រឹងប្រែង និងបាវចនារបស់វៀតណាមនៅក្នុងសន្និសីទលើកនេះ ក៏ដូចជានៅក្នុងកិច្ចសហប្រតិបត្តិការអាស៊ាននិយាយរួម។ ការចូលរួមរបស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ នៅក្នុងសន្និសីទជាន់ខ្ពស់អាស៊ានលើកទី៤៧ និងសន្និសីទពាក់ព័ន្ធនានា បានបញ្ជាក់ថា វៀតណាមត្រៀមខ្លួនជាស្រេចក្នុងការចូលរួមចំណែកកាន់តែច្រើននិងម្ចាស់ការជាងមុន ដើម្បីការរីកចម្រើនរបស់អាស៊ាន៕


top