វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអត្រាកាត់បន្ថយភាពក្រីក្រលឿនបំផុតនៅលើពិភពលោក។ ទោះយ៉ាងណាក៏ដោយ ដើម្បីរក្សាសន្ទុះកំណើន និងសម្រេចបានគោលដៅក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥ វៀតណាមត្រូវបន្តជំរុញ និងធ្វើឲ្យស៊ីជម្រៅថែមទៀតកំណែទម្រង់ស្ថាប័ន និងជំរុញគំរូអភិវឌ្ឍន៍បៃតង។
ទិដ្ឋភាពនៃពិធីប្រកាសរបាយការណ៍។ រូបថត៖ Anh Thu/VOV
នេះគឺជាការសន្និដ្ឋាននៅក្នុងរបាយការណ៍ចំនួនពីរស្តីពីរបកគំហើញរបស់ស្ថាប័ននិងកំណើនបៃតងឆ្ពោះទៅអនាគតប្រកបដោយនិរន្តរភាព ដែលធនាគារពិភពលោកបានប្រកាសនាព្រឹកថ្ងៃទី ២២ ឧសភា នៅទីក្រុងហាណូយ។
ថ្លែងនៅក្នុងពិធីប្រកាសរបាយការណ៍ចំនួនពីររបស់ធនាគារពិភពលោក លោក Nguyen Nhu Quynh នាយកវិទ្យាស្ថានយុទ្ធសាស្ត្រ និងគោលនយោបាយសេដ្ឋកិច្ច-ហិរញ្ញវត្ថុ ក្រសួងហិរញ្ញវត្ថុបានមានប្រសាសន៍ថា៖ “បក្សនិងរដ្ឋកំពុងផ្តល់អាទិភាពខ្ពស់បំផុតលើកំណែទម្រង់ស្ថាប័ន កែសម្រួលនីតិវិធីរដ្ឋបាល វិមជ្ឈការនិងសហវិមជ្ឈការ ដែលផ្សារភ្ជាប់ជាមួយនឹងការបែងចែកធនធាន បង្រួមក្បាល់ម៉ាស៊ីន និងរៀបចំអង្គភាពរដ្ឋបាលឡើងវិញឱ្យកាន់តែមានប្រសិទ្ធភាព។ ទាក់ទងនឹងកំណើនបៃតង វៀតណាមប្តេជ្ញាឆ្ពោះទៅរកគោលដៅ net zero ត្រឹមឆ្នាំ ២០៥០ ប៉ុន្តែដំណើរឆ្ពោះទៅរកគោលដៅនេះ គឺមិនងាយស្រួលនោះទេ។ ដូច្នេះហើយ របាយការណ៍ស្រាវជ្រាវស៊ីជម្រៅដូច្នេះដើរតួនាទីយ៉ាងសំខាន់ មិនត្រឹមតែវិភាគបញ្ហាប្រឈមប៉ុណ្ណោះទេ ថែមទាំងផ្តល់អនុសាសន៍គោលនយោបាយជាក់ស្តែង ដើម្បីវៀតណាមអាចធ្វើការផ្លាស់ប្តូរបៃតងនិងពង្រឹងសេវារដ្ឋបាលសាធារណៈ លើមាគ៌ាឆ្ពោះទៅអនាគតប្រកបដោយចីរភាពទៀតផង"។
ក្នុងពិធីនេះ លោកស្រី Mariam Sherman នាយិកាធនាគារពិភពលោកប្រចាំប្រទេសវៀតណាម កម្ពុជា និងឡាវ បានមានប្រសាសន៍ថា វៀតណាមទទួលបានអត្ថប្រយោជន៍ពីមូលដ្ឋានគ្រឹះអភិវឌ្ឍន៍ដ៏រឹងមាំក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។ វៀតណាមសម្រេចបានកំណើននិងការកាត់បន្ថយភាពក្រីក្រគួរឱ្យកត់សម្គាល់។ សេដ្ឋកិច្ចបានរីកចម្រើនយ៉ាងឆាប់រហ័ស ដែលជួយមនុស្សរាប់លាននាក់រួចផុតពីភាពក្រីក្រ។ អត្រាភាពក្រីក្របានធ្លាក់ចុះពីពាក់កណ្តាលនៃចំនួនប្រជាជនមកត្រឹម១%ប៉ុណ្ណោះ។ នេះ ក៏ជាល្បឿនកាត់បន្ថយភាពក្រីក្រលឿនបំផុតនៅលើពិភពលោក៕