ព័ត៌មាន

វៀតណាមមានបំណងបង្កើនលទ្ធភាពអភិក្រម និងផលិតវ៉ាក់សាំង ដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាតនាពេលអនាគត

កម្មវិធីនេះគាំទ្រដោយគម្រោង “គាំទ្រការបង្កើនលទ្ធភាពទទួលបានវ៉ាក់សាំង និងសមត្ថភាពនៃប្រព័ន្ធសុខាភិបាលសម្រាប់វៀតណាម ដើម្បីឆ្លើយតបនឹងជំងឺកូវីដ-១៩” និងត្រូវបានរដ្ឋាភិបាលជប៉ុនជួយឧបត្ថម្ភថវិកាដោយ តាមរយៈ UNDP។

កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) និងវិទ្យាស្ថានយុទ្ធសាស្ត្រ និងគោលនយោបាយសុខាភិបាល (HSPI) នៃក្រសួងសុខាភិបាល (រូបថត៖ qdnd.vn)

នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) និងវិទ្យាស្ថានយុទ្ធសាស្ត្រ និងគោលនយោបាយសុខាភិបាល (HSPI) នៃក្រសួងសុខាភិបាល បានបើកសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃការស្រាវជ្រាវផលិតវ៉ាក់សាំង និង ការចូលរួមរបស់វៀតណាមក្នុងកម្មវិធីផ្ទេរបច្ចេកវិទ្យា mRNA របស់អង្គការសុខភាពពិភពលោក (WHO)។ កម្មវិធីនេះគាំទ្រដោយគម្រោង គាំទ្រការបង្កើនលទ្ធភាពទទួលបានវ៉ាក់សាំង និងសមត្ថភាពនៃប្រព័ន្ធសុខាភិ បាល សម្រាប់វៀតណាម ដើម្បីឆ្លើយតបនឹងជំងឺកូវីដ-១៩និងត្រូវបានរដ្ឋាភិបាលជប៉ុនជួយឧបត្ថម្ភថវិកាដោយ តាមរយៈ UNDP

នៅក្នុងសិក្ខាសាលានេះ តំណាងចូលរួមបានចែករំលែកការរកឃើញនៃការសិក្សាចំនួនបី រួមមានៈ ទិដ្ឋភាពទូទៅនៃបទពិសោធន៍អន្តរជាតិក្នុងការអភិវឌ្ឍន៍ និងផលិតវ៉ាក់សាំងក្នុងប្រទេស ការបង្កើតផែនទីសមត្ថភាពផលិតវ៉ាក់សាំងបច្ចុប្បន្នរបស់វៀតណាម  គោលនយោបាយ និងបែបបទផ្តល់អាជ្ញាប័ណ្ណវ៉ាក់សាំងអន្តរជាតិ។ គណៈប្រតិភូបានស្នើដំណើរការដើម្បីប្រែក្លាយវៀតណាមទៅជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំងក្នុងតំបន់។ ដំណើរការនេះ គូសបញ្ជាក់ពីជំហាន និងសកម្មភាពចាំបាច់នានា ដើម្បីកែលម្អសមត្ថភាពផលិតវ៉ាក់សាំងរបស់វៀតណាម រួមចំណែកធានាសន្តិសុខសុខាភិបាលក្នុងតំបន់។ សិក្ខាសាលានេះក៏បានផ្តោតការពិភាក្សាលើប្រធានបទសំខាន់ៗជាច្រើន ដោយផ្តោតលើការគូសផែនទីសមត្ថភាពផលិតវ៉ាក់សាំងដែលមានវត្តមាននៅ វៀតណាម និងផ្តល់ព័ត៌មានដ៏មានតម្លៃសម្រាប់ការធ្វើផែនការនាពេលអនាគត។

សិក្ខាសាលានេះគឺជាជំហានឆ្ពោះទៅរកការលើកកម្ពស់លទ្ធភាពអភិក្រម និងផលិតវ៉ាក់សាំងរបស់វៀតណាម។ តាមរយៈការប្រើប្រាស់បទពិសោធន៍អន្តរជាតិ និងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ វៀតណាមមានគោលបំណងក្លាយជាប្រទេសនាំមុខក្នុងតំបន់លើការផលិតវ៉ាក់សាំង និងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការឆ្លើយតបទៅនឹងវិបត្តិវេជ្ជសាស្ត្រ៕


top