ព័ត៌មាន

វៀតណាមមានបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយអ៊ីរ៉ង់លើវិស័យជាច្រើន

គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងនគរ បាលវៀតណាម ដឹកនាំដោយនាយឧត្តមសេនីយ To Lam រដ្ឋមន្ត្រីក្រសួងនគរបាល អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅប្រទេសអ៊ីរ៉ង់ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីមហាផ្ទៃអ៊ីរ៉ង់ Ahmad Vahidi។
រដ្ឋមន្ត្រីក្រសួងនគរបាល លោក To Lam និងរដ្ឋមន្ត្រីមហាផ្ទៃអ៊ីរ៉ង់ Ahmad Vahidi បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃអ៊ីរ៉ង់ (រូបថត៖ Nguyen Truong/TTXVN)

ក្នុងអំឡុងពេលបំពេញទស្សនកិច្ចការងារនៅអ៊ីរ៉ង់ លោករដ្ឋមន្ត្រី To Lam បានចូលជួបសម្តែងការគួរសមជាមួយអនុប្រធានាធិបតីទីមួយរបស់អ៊ីរ៉ង់ Mohammad Mokhber បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីមហាផ្ទៃអ៊ីរ៉ង់ Ahmad Vahidi និងរដ្ឋមន្ត្រីយុត្តិធម៌អ៊ីរ៉ង់ Amin Houssein Rahimi និងមានជំនួបជាមួយអគ្គមេបញ្ជាការប៉ូលិសអ៊ីរ៉ង់ Ahmad Reza Radan

ក្នុងជំនួបជាមួយអនុប្រធានាធិបតីទីមួយអ៊ីរ៉ង់ លោក Mohammad Mokhber លោករដ្ឋមន្ត្រី To Lam បានអះអាងថា អ៊ីរ៉ង់ជាដៃគូសំខាន់មួយរបស់វៀតណាមនៅមជ្ឈិមបូព៌ា។ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមមានបំណងចង់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយអ៊ីរ៉ង់លើវិស័យជាច្រើន ជាពិសេសលើវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន។

រីឯខ្លួនវិញ អនុប្រធានាធិបតីទីមួយរបស់អ៊ីរ៉ង់ Mohammad Mokhber បានបង្ហាញជំនឿថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ក្រសួងនគរបាលវៀតណាមនឹងរួមចំណែកជំរុញទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរនិយាយរួម និងទំនាក់ទំនងរវាងក្រសួងនគរបាលវៀតណាម ជាមួយទីភ្នាក់ងារអនុវត្តច្បាប់របស់អ៊ីរ៉ង់ និយាយដោយឡែក។

ក្នុងឱកាសមកបំពេញទស្សនកិច្ចការងារនៅអ៊ីរ៉ង់ លោករដ្ឋមន្ត្រី To Lam បានធ្វើការជាមួយស្ថានទូតវៀតណាមប្រចាំនៅទីក្រុង Tehran ចូលរួមពិធីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងអ៊ីរ៉ង់ (៤ សីហា ១៩៧៣ - ៤ សីហា ២០២៣) ដោយស្ថានទូតវៀតណាម និងក្រសួងការបរទេសអ៊ីរ៉ង់ សម្របសម្រូលរៀបចំឡើង៕


top