រដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son ចូលជួបសម្តែងការគួរសមប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo (រូបថត៖ VOV)
ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅឥណ្ឌូនេស៊ី និងធ្វើជាសហប្រធាន កិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការសហប្រតិបត្តិការទ្វេភាគីវៀតណាម - ឥណ្ឌូនេស៊ី (JCBC-៤) នាព្រឹកថ្ងៃទី ២០ ខែកក្កដា នៅទីក្រុងហ្សាកាតា រដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son បានអញ្ជើញចូលជួបសម្តែងការគួរសម ជាមួយលោកប្រធានាធិបតី Joko Widodo។
ក្នុងជំនួបនេះ ប្រធានាធិបតីលោក Joko Widodo បានស្វាគមន៍លោករដ្ឋមន្ត្រីការបរទេស Bui Thanh Son អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅឥណ្ឌូនេស៊ី និងធ្វើជាសហប្រធាន JCBC-៤ ជាមួយលោករដ្ឋមន្ត្រី Retno Marsudi ក្នុងបរិបទដែលប្រទេសទាំងពីរទើបតែបើកទ្វារដំណើរការឡើងវិញ ដែលបង្ហាញពីការប្តេជ្ញាចិត្ត ជម្រុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - ឥណ្ឌូនេស៊ី ឲ្យកាន់តែអភិវឌ្ឍន៍ខ្លាំងក្លាថែមទៀត។ លោកប្រធានាធិបតី Joko Widodo បានស្នើឱ្យភាគីទាំងពីរ ពិចារណាឆ្ពោះទៅការកសាងកម្មវិធីសកម្មភាពអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្រដំណាក់កាល ២០២៤-២០២៨ ដោយនាំយកគោលដៅនៃទំហំពាណិជ្ជកម្មទ្វេភាគីដល់ ១៥ ពាន់លានដុល្លារនៅឆ្នាំ ២០២៨; បន្តជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ និងការជួបប្រាស្រ័យ ប្រជាជន។
លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងនូវទស្សនៈខ្ជាប់ខ្ជូនរបស់វៀតណាមថា និងមានបំណងចង់អភិវឌ្ឍបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រជាមួយឥណ្ឌូនេស៊ី។ លោករដ្ឋមន្ត្រី Bui Thanh Son បានសម្តែងគោលបំណងថា ប្រធានាធិបតីឥណ្ឌូនេស៊ីនឹងគាំទ្រភាគីទាំងពីរជម្រុញកំណើនពាណិជ្ជកម្មក្នុងទិស ដៅប្រកបដោយតុល្យភាពជាងនេះ; ផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ផលិតផលហាឡាលដែលមានប្រភពពីវៀតណាម ដើម្បីប្រើប្រាស់ក្នុងទីផ្សារឥណ្ឌូនេស៊ី; ពិចារណា បើកផ្លូវថ្មី តភ្ជាប់តំបន់ទេសចរណ៍រវាងប្រទេសទាំងពីរ; បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហាដែលកើតឡើងនៅសមុទ្រប្រកបដោយប្រសិទ្ធភាព៕