ព័ត៌មាន

វៀតណាមមានតួនាទីសំខាន់ក្នុងគោលនយោបាយការបរទេសរបស់អ៊ីស្រាអែល

នៅក្នុងពិធីទទួលជួបឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល លោក Ly Duc Trung មកជូនសារតាំងរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc នាថ្ងៃទី៩ ខែសីហា ប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះលោកប្រធានហូជីមិញ និងការចាប់អារម្មណ៍ពិសេសលើប្រវត្តិសាស្ត្រ និងវប្បធម៌ប្រពៃណីរបស់វៀតណាម។
  ពិធីជូនសារតាំង។ (រូបថត៖ dancongsan.vn)  

លោក Herzog ក៏បានចែករំលែកនូវបំណងចង់ឱ្យភាគីទាំងពីរអាចពង្រឹងការផ្លាស់ប្តូរការសិក្សាស្រាវជ្រាវ ក្នុងការធ្វើអភិក្រម ពិនិត្យ និងវាយតម្លៃលើរបៀបឆ្លើយតបទៅនឹងការប្រកួតប្រជែងជាយុទ្ធសាស្ត្រដែលកាន់តែស្មុគស្មាញរបស់មហាអំណាចធំៗ និងបរិយាកាសសន្តិសុខពិភពលោកមានអស្ថេរភាព ដោយអះអាងថាវៀតណាមមានតួនាទីយ៉ាងសំខាន់ពិសេសនៅក្នុងគោលនយោបាយការបរទេសរបស់អ៊ីស្រាអែល។

ប្រមុខអ៊ីស្រាអែលបានចែករំលែកថា លោកនឹងបន្តជួបឯកអគ្គរដ្ឋទូតវៀតណាមថ្មីដើម្បីពិភាក្សាអំពីខ្លឹមសារ និងវិធានការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរីក ចម្រើននាពេលខាងមុខ។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Ly Duc Trung បានសម្តែងនូវកិត្តិយសដែលបានទទួលបេសកកម្មជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ហើយសង្ឃឹមថា លោកប្រធានាធិបតី Herzog នឹងជំរុញទំនាក់ទំនងវៀតណាម-អ៊ីស្រាអែលបន្ថែមទៀត ជាពិសេសនៅឆ្នាំ ២០២៣ ក្នុងឱកាសរំលឹកខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូត៕


top