ព័ត៌មាន

វៀតណាមពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាមិត្តប្រពៃណីនៅអាហ្វ្រិក

ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសណាមីប៊ី លោកស្រី Selma Ashipala-Musavyi លោករដ្ឋមន្ត្រី Le Hoai Trung បានស្នើឲ្យភាគីទាំងពីរពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលមានសក្តានុពល ដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។
រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Le Hoai Trung នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ។ (រូបថត៖ qdnd.vn)

កាលពីរសៀលថ្ងៃទី ២៦ ខែឧសភា នៅទីស្នាក់ការក្រសួងការបរទេស (ហាណូយ) រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Le Hoai Trung បានធ្វើការសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកគ្នាជាមួយលោក Ahmed Attaf រដ្ឋមន្ត្រីក្រសួងការបរទេស សហគមន៍ជនអាល់ហ្សេរីនៅបរទេស និងកិច្ចការអាហ្វ្រិក និងលោកស្រី Selma Ashipala-Musavyi រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្ម ណាមីប៊ី ដើម្បីផ្លាស់ប្តូរទស្សនៈលើវិធានការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី។

ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក Ahmed Attaf រដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរី លោករដ្ឋមន្ត្រី Le Hoai Trung បានស្នើឱ្យភាគីទាំងពីរសម្របសម្រួលអនុវត្តន៍កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសាជីវកម្មរុករកនិងផលិតប្រេងឧស្ម័នជាតិវៀតណាម (PVEP) និងក្រុមហ៊ុនប្រេងឧស្ម័នជាតិអាល់ហ្សេរី (Sonatrach) ប្រកបដោយប្រសិទ្ធភាព; ហើយបានស្នើឱ្យអាល់ហ្សេរីបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ PVEP ដើម្បីដំណើរការប្រកបដោយប្រសិទ្ធភាពនៅក្នុងប្រទេសអាល់ហ្សេរីផងដែរ។

រីឯខ្លួនវិញ ​រដ្ឋមន្ត្រីការបរទេស​អាល់ហ្សេរី លោក Ahmed Attaf បាន​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​ជាមួយ​វៀតណាម ជាពិសេស​ក្នុង​វិស័យ​វិនិយោគ ថាមពល កសិកម្ម វប្បធម៌ និង​ការជួបប្រាស្រ័យរវាងប្រជាជន។

ក្នុងកិច្ចសន្ទនា​តាមទូរស័ព្ទ​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ណាមីប៊ី លោកស្រី Selma Ashipala-Musavyi លោករដ្ឋមន្ត្រី Le Hoai Trung បាន​ស្នើ​ឲ្យភាគីទាំងពីរ​ពង្រីក​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ដែលមាន​សក្តានុពល​ ដូចជា​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ។ លោករដ្ឋមន្ត្រី Le Hoai Trung បាន​ស្នើឲ្យ​​ណាមីប៊ី​គាំទ្រចំពោ​វៀតណាមក្នុងការចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ជាមួយ​សហភាព​ពន្ធគយ​អាហ្វ្រិក​ខាងត្បូង (SACU)។

ចំណែក​ឯ​លោកស្រី រដ្ឋមន្ត្រី Selma Ashipala-Musavyi បាន​សម្តែង​នូវ​បំណងចង់ឲ្យ​ភាគី​ទាំងពីរពន្លឿនការផ្លាស់ប្ដូរ​ សំដៅលើកកំពស់​ទំហំ​ពាណិជ្ជកម្ម និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​កសិកម្ម នេសាទ ភស្តុភារកម្ម និង​ផលិតកម្ម។ ល៕


top