ព័ត៌មាន

វៀតណាមប្តេជ្ញាទប់ស្កាត់ការក្លែងបន្លំប្រភពដើម និងការដឹកជញ្ជូនទំនិញឆ្លងកាត់​ដោយ​ខុសច្បាប់

វៀតណាមនឹងបន្តពិភាក្សាលើ​កង្វល់របស់សហរដ្ឋអាមេរិកក្នុងស្មារតីស្ថាបនា ស្របតាមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហរដ្ឋអាមេរិក តាមនោះ រក្សាទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម​រវាងប្រទេសទាំងពីរ ​អភិវឌ្ឍន៍ប្រកប​ដោយស្ថិរភាព មាន​អត្ថ​ប្រយោជន៍​ទៅ​វិ​ញទៅមក ហើយ​រួម​ចំណែកដល់ការកសាងបរិយាកាសវិនិយោគ និងអាជីវកម្ម​ប្រកប​ដោយ​តម្លាភាពនៅវៀតណាម។​

អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី ផាម ធូហាំង។រូបថត៖ VNA

នៅរសៀលថ្ងៃទី ២០ ខែសីហា នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម នៅទីក្រុងហាណូយ ឆ្លើយសំណួររបស់អ្នកយកព័ត៌មាន​ចំពោះការដែល សហរដ្ឋអាមេរិកនាពេល​ថ្មីៗនេះបានចុះបញ្ជីដៃគូពាណិជ្ជកម្មចំនួន៤០ ដែលមានហានិភ័យត្រូវបានកេងប្រវ័ញ្ចដើម្បីគេចពន្ធ រួមទាំងវៀតណាម ដែលទំនិញត្រូវបានដឹកជញ្ជូនតាមរយៈប្រទេសទីបីដើម្បី​ឆ្លៀត​យកអត្រពន្ធទាប សំដៅជៀសវាង​អត្រា​ពន្ធខ្ពស់របស់សហរដ្ឋអាមេរិក អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ផាម ធូហាំង បានឱ្យដឹងថា៖

«វៀតណាមមានគោលការណ៍ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មដោយស្មោះត្រង់ ជាមួយដៃគូនានា​ ដោយផ្អែក​លើសេរីភាព យុត្តិធម៌ និងមានអត្ថប្រយោជន៍ទៅវិញទៅមក ស្របតាមកិច្ចព្រ​ម​ព្រៀងទ្វេភាគី ពហុភាគី ក៏ដូចជាបទប្បញ្ញត្តិ​របស់អង្គការពាណិជ្ជកម្មពិភពលោក ហើយ​បាននិងកំពុងផ្តោតលើការកសាង​ស្ថាប័ន លើកកម្ពស់​សម​ត្ថ​ភា​ពអនុវត្តក្របខ័ណ្ឌផ្លូវច្បាប់ និងបទប្បញ្ញត្តិនានាប្រឆាំងនឹងការក្លែង​បន្លំប្រភពដើមទំនិញ និងការក្លែង​បន្លំពាណិជ្ជកម្មជាទូទៅ ប្ដេជ្ញាទប់ស្កាត់ការក្លែង​បន្លំប្រភពដើមទំនិញ និងការដឹកជញ្ជូនទំនិញឆ្លងកាត់ដោយខុសច្បាប់​។ ក្នុងដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ វៀតណាមបានដាក់ចេញនូវការ​សន្យាអន្តរជាតិយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងរាល់អំពើ​ក្លែង​បន្លំពាណិជ្ជកម្ម និងសហការយ៉ាងជិតស្និទ្ធដើម្បីធានាបាននូវការអនុវត្តការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់​​។ កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់»។

អ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់ថា វៀតណាមនឹងបន្តពិភាក្សាលើ​កង្វល់របស់សហរដ្ឋអាមេរិកក្នុងស្មារតីស្ថាបនា ស្របតាមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហរដ្ឋអាមេរិក តាមនោះ រក្សាទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម​រវាងប្រទេសទាំងពីរ ​អភិវឌ្ឍន៍ប្រកប​ដោយស្ថិរភាព មាន​អត្ថ​ប្រយោជន៍​ទៅ​វិ​ញទៅមក ហើយ​រួម​ចំណែកដល់ការកសាងបរិយាកាសវិនិយោគ និងអាជីវកម្ម​ប្រកប​ដោយ​តម្លាភាពនៅវៀតណាម៕​


top