ព័ត៌មាន

វៀតណាមបានក្លាយជាគំរូសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព

នេះជាការសង្កត់ធ្ងន់របស់អគ្គលេខាធិការនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក កៅ គឹមហួន ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក ឡេ ហយទ្រុង កាលពីរសៀលថ្ងៃទី១៤ ខែមករា នៅទីស្នាក់ការក្រសួងការបរទេស (ទីក្រុងហាណូយ) ក្នុងឱកាសដែលលោកអញ្ជើញមកវៀតណាម ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានស្តីពីការអភិវឌ្ឍឌីជីថលលើកទី ៦ (ADGMIN)។
លោក ឡេ ហយទ្រុង លេខាគណៈកម្មាធិការមជ្ឈិមបក្ស រដ្ឋមន្ត្រីក្រសួងការបរទេស ស្វាគមន៍លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក្នុងដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសវៀតណាម។ (រូបថត៖ VNA)

យោងតាមលោកអគ្គលេខាធិការអាស៊ាន វៀតណាមសម្រេចបានលទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមគួរឱ្យចាប់អារម្មណ៍ជាច្រើនក្នុងរយៈពេលកន្លងមក តាមនោះបានក្លាយជាគំរូសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ លោកអគ្គលេខាធិការ កៅ គឹមហួន ក៏បានអបអរសាទរ និងសម្ដែងនូវទំនុកចិត្តថា បក្សកុម្មុយនិស្តវៀតណាមនឹងរៀបចំមហាសន្និបាតទូទាំងប្រទេសលើកទី១៤ ប្រកបដោយជោគជ័យ ព្រមទាំងរួមចំណែកយ៉ាងសំខាន់ដល់បុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ពង្រឹងតួនាទី និងឋានៈរបស់វៀតណាមនៅក្នុងតំបន់ និងលើឆាកអន្តរជាតិបន្ថែមទៀត។

ទិដ្ឋភាពនៅជំនួបនេះ។ (រូបថត៖ VNA)

នៅក្នុងជំនួបនេះ រដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយទ្រុង បានជម្រាបជូនលោកអគ្គលេខាធិការអាស៊ានអំពីការត្រៀមរៀបចំសម្រាប់មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមករា។ លោកបានបញ្ជាក់ថា មហាសន្និបាតលើកនេះនឹងកំណត់គោលដៅនិងទិសដៅអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយសម្រាប់វៀតណាមក្នុងយុគសម័យថ្មី ព្រមទាំងបញ្ជាក់ថា វៀតណាមនឹងបន្តគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ពហុភាគីនីយកម្ម និងធ្វើពិពិធកម្មទំនាក់ទំនងអន្តរជាតិ ហើយអាស៊ានតែងតែមានឋានៈនិងតួនាទីយុទ្ធសាស្ត្រដ៏សំខាន់ជានិច្ច នៅក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម៕


top