ពិធីបើកចុះហត្ថលេខា និងកិច្ចប្រជុំកំពូល ស្តីពីអនុសញ្ញានៃអង្គការសហប្រជាជាតិ ស្តីពីការប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋតាមប្រព័ន្ធអ៊ីនធឺណិត (អនុសញ្ញាហាណូយ)...
ពិធីបើកចុះហត្ថលេខា និងកិច្ចប្រជុំកំពូល ស្តីពីអនុសញ្ញានៃអង្គការសហប្រជាជាតិ ស្តីពីការប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋតាមប្រព័ន្ធអ៊ីនធឺណិត (អនុសញ្ញាហាណូយ) ក្រោមប្រធានបទ "ការប្រយុទ្ធប្រឆាំង បទឧក្រិដ្ឋតាមប្រព័ន្ធអ៊ីនធឺណិត ការចែករំលែកទំនួលខុសត្រូវ ឆ្ពោះទៅកាន់អនាគត" បានប្រារព្ធឡើងយ៉ាងឱឡារិក នៅមជ្ឈមណ្ឌលសន្និសីទជាតិហាណូយ ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៥ - ២៦ ខែតុលា ឆ្នាំ២០២៥។ ព្រឹត្តិការណ៍នេះ មានការចូលរួមពីអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ លោក António Guterres, គណៈប្រតិភូជាង ២.៥០០នាក់ មកពី ១១៩ប្រទេសនិងដែនដី រួមជាមួយអង្គការអន្តរជាតិ និងក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេលើពិភពលោកជាង ១០០អង្គភាព គូសបញ្ជាក់ស្លាកស្នាមព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ក្នុងកិច្ចសហប្រតិបត្តិការសកល ស្តីពីសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត។
ប្រធានរដ្ឋ លោក លឿងគឿង និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres ថតរូបរួមគ្នាជាមួយប្រមុខគណៈប្រតិភូ ដែលចូលរួមពិធីបើកការចុះហត្ថលេខា លើអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងឧក្រិដ្ឋកម្មបច្ចេកវិទ្យា (អនុសញ្ញាហាណូយ)។
ថ្លែងសុន្ទរកថាបើកកម្មវិធី លោកប្រធានរដ្ឋ លឿង គឿង បានអះអាងថា នេះគឺជាព្រឹត្តិការណ៍ដែលមានអត្ថន័យជាប្រវត្តិសាស្ត្រ បើកចេញនូវយុគសម័យថ្មីសម្រាប់កិច្ចសហប្រតិបត្តិការសកល នៅក្នុងលំហ អ៊ីនធឺណិត។ អនុសញ្ញាហាណូយ មិនត្រឹមតែជាឧបករណ៍គតិយុត្តអន្តរជាតិដំបូងគេ ស្តីពីការប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋតាមប្រព័ន្ធអ៊ីនធឺណិត នៅកម្រិតអង្គការសហប្រជាជាតិប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីស្មារតីសាមគ្គីភាព និងការគោរពច្បាប់ រវាងប្រទេសនានា ដោយអះអាងពីភាពរស់រវើកប្រកបដោយចីរភាព នៃពហុភាគីនិយម។
ប្រធានរដ្ឋ លឿង គឿង ថ្លែងសុន្ទរកថាក្នុងពិធីបើក និងកិច្ចប្រជុំកំពូល ស្តីពីអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីការប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋអ៊ីនធឺណិត។ រូបភាព៖ កុងដាត
ប្រធានរដ្ឋលោក លឿងគឿង ចូលរួមពិធីបើកការចុះហត្ថលេខា និងកិច្ចប្រជុំកំពូល នៃអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងឧក្រិដ្ឋកម្មបច្ចេកវិទ្យា។
អនុសញ្ញានេះរួមមាន៩ជំពូក និង ៧១មាត្រា ដែលបានផ្តួចផ្តើមដោយអង្គការសហប្រជាជាតិ តាំងពីឆ្នាំ២០១៩ និងបានអនុម័តនៅចុងឆ្នាំ២០២៤ ក្រោយការចរចាអស់រយៈពេល៥ឆ្នាំ។ ឯកសារនេះបានដាក់ចេញ នូវក្របខ័ណ្ឌគតិយុត្តទូលំទូលាយ ដើម្បីទប់ស្កាត់ ស៊ើបអង្កេត និងដោះស្រាយអំពើឧក្រិដ្ឋតាមប្រព័ន្ធអ៊ីនធឺណិត ព្រមទាំងធានាគោលការណ៍ នៃការគោរពសិទ្ធិមនុស្ស និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
លោកប្រធានរដ្ឋ លឿង គឿង បានគូសបញ្ជាក់ពីសារសំខាន់ចំនួនបី ដែលអនុសញ្ញាហាណូយបានផ្ញើទៅកាន់ពិភពលោក៖ អះអាងសន្យាការកំណត់សណ្តាប់ធ្នាប់ ធានាសុវត្ថិភាព និងសន្តិសុខនៅក្នុងលំហអ៊ីនធឺណិត ដោយផ្អែកលើច្បាប់អន្តរជាតិ។ លើកកម្ពស់ស្មារតីនៃការចែករំលែក ភាពជាដៃគូ និងការគាំទ្រគ្នាទៅវិញទៅមក។ ការសង្កត់ធ្ងន់លើគោលដៅខ្ពស់បំផុត នៃការខិតខំប្រឹងប្រែងទាំងអស់គឺដើម្បីប្រជាជន ដើម្បីឱ្យបច្ចេកវិទ្យាបម្រើជីវភាពរស់នៅ អភិវឌ្ឍនាំមកនូវឱកាសដល់មនុស្សគ្រប់គ្នា ហើយគ្មាននរណាម្នាក់ត្រូវបោះបង់ចោល ក្នុងដំណើរការឌីជីថលកម្មសកលនោះទេ។ នេះក៏ជាបាវចនា ដែលវៀតណាមតស៊ូអនុវត្តយ៉ាងខ្ជាប់ខ្ជួន ក្នុងដំណើរការធ្វើសមាហរណកម្មអន្តរជាតិ - "យកច្បាប់ធ្វើជាមូលដ្ឋាន យកកិច្ចសហប្រតិបត្តិការធ្វើជាកម្លាំងចលករ យកប្រជាជនធ្វើជាប្រធាន"។
អគ្គលេខាធិការបក្ស លោក តូឡឹម ជួបសវនាការជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres អំឡុងពេលបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងចូលរួមពិធីបើកចុះហត្ថលេខា លើអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីការប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋអ៊ីនធឺណិត។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
គណៈប្រតិភូពិភាក្សាក្នុងសិក្ខាសាលា ស្តីពីការពង្រឹងយុទ្ធសាស្ត្រទប់ស្កាត់ឧក្រិដ្ឋកម្មអ៊ីនធឺណិត ប្រកបដោយប្រសិទ្ធភាពក្នុងក្របខ័ណ្ឌ នៃអនុសញ្ញាហាណូយ។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ជាមួយនឹងគោលនយោបាយការបរទេសឯករាជ្យ ម្ចាស់ការ សន្តិភាព និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍ ការដែលវៀតណាមធ្វើជាម្ចាស់ផ្ទះរៀបចំ និងជាប្រទេសដំបូងគេចុះហត្ថលេខាលើអនុសញ្ញាហាណូយ បានបង្ហាញយ៉ាងច្បាស់នូវតួនាទីឈានមុខ ទំនួលខុសត្រូវ និងកិត្យានុភាពរបស់វៀតណាម នៅក្នុងសហគមន៍អន្តរជាតិ។ លោកប្រធានរដ្ឋ បានអំពាវនាវឱ្យប្រទេសនានាឆាប់ផ្តល់សច្ចាប័ន និងអនុវត្តអនុសញ្ញានេះ ដើម្បីបង្កើតសណ្តាប់ធ្នាប់ឌីជីថលមួយដែលយុត្តិធម៌ បរិយាប័ន្ន និងផ្អែកលើច្បាប់។
នាយករដ្ឋមន្ត្រី លោក ផាម មិញជីញ រួមជាមួយអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ក្នុងជំនួបសារព័ត៌មាន នៃពិធីបើកការចុះហត្ថលេខា និងកិច្ចប្រជុំកំពូលនៃអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងឧក្រិដ្ឋកម្មបច្ចេកវិទ្យា។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ម៉ឹន ជួបសវនាការជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres អំឡុងពេលបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងចូលរួមពិធីបើកចុះហត្ថលេខា លើអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីការប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋអ៊ីនធឺណិត។ រូបភាព៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ថ្លែងក្នុងពិធីនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានថ្លែងអំណរគុណវៀតណាម ចំពោះសមត្ថភាពរៀបចំលំដាប់អន្តរជាតិ ព្រមទាំងបានអះអាងថា ទីក្រុងហាណូយ គឺជានិមិត្តរូបនៃស្មារតីនៃយុគសម័យឌីជីថល – ការផ្លាស់ប្តូរ ភាពរស់រវើក និងការតភ្ជាប់។ លោកបានសង្កត់ធ្ងន់ថា៖ អនុសញ្ញាហាណូយ គឺជាសន្ធិសញ្ញាប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌសកលដំបូងគេ បន្ទាប់ពីរយៈពេលជាងពីរទសវត្សរ៍ បង្កើតក្របខ័ណ្ឌគតិយុត្តរួម សម្រាប់ប្រទេសនានាក្នុងកិច្ចសហប្រតិបត្តិការ ដើម្បីប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋតាមប្រព័ន្ធអ៊ីនធឺណិត និងធានាសុវត្ថិភាពសម្រាប់លំហអ៊ីនធឺណិតសកល។
អគ្គលេខាធិការបក្ស លោក តូឡឹម ទទួលជួបប្រមុខគណៈប្រតិភូនានា ដែលចូលរួមពិធីបើកចុះហត្ថលេខា លើអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីការប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋអ៊ីនធឺណិត។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ម៉ឹន ជួបសវនាការជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres អំឡុងពេលបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងចូលរួមពិធីបើកចុះហត្ថលេខា លើអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីការប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋអ៊ីនធឺណិត។ រូបភាព៖ កុងដាត
នាយកប្រតិបត្តិនៃស្ថាប័នប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្ម អង្គការសហប្រជាជាតិ (UNODC) លោកស្រី Ghada Waly បានវាយតម្លៃថា ការអនុម័ត និងការចុះហត្ថលេខាលើអនុសញ្ញានេះ គឺជាសមិទ្ធផលដ៏សំខាន់មួយ បើកឱកាសដើម្បីជំរុញកិច្ចសហប្រតិបត្តិការប្រព័ន្ធយុត្តិធម៌ ការចែករំលែកភស្តុតាងអេឡិចត្រូនិក និងការការពារសិទ្ធិមនុស្ស។ លោកស្រីបានអះអាងថា UNODC នឹងបន្តគាំទ្រប្រទេសនានា នៅក្នុងដំណើរការនៃការអនុវត្តអនុសញ្ញា ដើម្បីកសាងលំហអ៊ីនធឺណិតមួយ កាន់តែមានសុវត្ថិភាព មនុស្សធម៌ និងវិបុលភាព។
ភ្លាមៗបន្ទាប់ពីប្រកាសបើកកម្មវិធី ប្រទេសចំនួន ៧២ បានចុះហត្ថលេខាលើអនុសញ្ញានេះ ដែលជាតួលេខគួរឱ្យកត់សម្គាល់ បង្ហាញពីការឯកភាព និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់សហគមន៍អន្តរជាតិ ចំពោះសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតសកល។ យោងតាមរដ្ឋមន្ត្រីក្រសួងនគរបាល លឿង តាមក្វាង (Luong Tam Quang) ការដែលវៀតណាមធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នេះ បានបញ្ជាក់ពីការប្តេជ្ញាចិត្តនយោបាយ និងតួនាទីយ៉ាងសកម្មរបស់វៀតណាម ក្នុងការបង្កើតប្រព័ន្ធអេកូឡូស៊ីសន្តិសុខ តាមប្រព័ន្ធអ៊ីនធឺណិតសកល។ អនុសញ្ញាហាណូយ ក៏ជាមូលដ្ឋានដ៏សំខាន់សម្រាប់វៀតណាម ក្នុងការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ទទួលជំនួយបច្ចេកទេស លើកកម្ពស់សមត្ថភាពស៊ើបអង្កេតឌីជីថល និងការពារផលប្រយោជន៍របស់ប្រជាជន សហគ្រាស និងអធិបតេយ្យភាពឌីជីថលជាតិ។
នាយករដ្ឋមន្ត្រី លោក ផាម មិញជីញ ទស្សនាកន្លែងតាំងពិព័រណ៍សមិទ្ធផលអភិវឌ្ឍន៍ នៃអង្គការសហប្រជាជាតិ។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
គណៈប្រតិភូទស្សនាកន្លែងតាំងពិព័រណ៍បច្ចេកវិទ្យា នៃអង្គការសហប្រជាជាតិ ក្នុងពិធីបើកចុះហត្ថលេខា លើអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីការប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋអ៊ីនធឺណិត។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
បើកពិធីចុះហត្ថលេខាលើអនុសញ្ញាហាណូយ បានបញ្ចប់ដោយជោគជ័យដ៏ត្រចះត្រចង់ បន្សល់ទុកលើទំព័រប្រវត្តិសាស្ត្រ ស្តីពីវៀតណាមដែលជាប្រទេសម្ចាស់ការ ទទួលខុសត្រូវ និងមានសុឆន្ទៈ ជាប្រទេសដែលកំពុងងើបឡើងយ៉ាងខ្លាំងក្លា រួមចំណែកពង្រឹងសន្តិភាព សន្តិសុខ និងវិបុលភាពរួម សម្រាប់មនុស្សជាតិ ក្នុងយុគសម័យឌីជីថល៕
អនុវត្ត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ប្រែសម្រួល៖ រីកើង