ព័ត៌មាន

វៀតណាមបន្តសហការជាមួយ WIPO លើបញ្ហាកម្មសិទ្ធិបញ្ញា

ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែកក្កដា គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លោក Nguyen Hoang Giang បានចូលរួមសម័យប្រជុំលើកទី ៦៤ នៃមហា សន្និបាតសមាជិក នៃអង្គការកម្មសិទ្ធិបញ្ញាពិភព លោក (WIPO) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
 
គណៈប្រតិភូវៀតណាមបានចូលរួមមហាសន្និបាត WIPO ឆ្នាំ២០២៣ (រូបថត៖ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា)

ថ្លែងមតិក្នុងសម័យប្រជុំស្ដីពីកម្មសិទ្ធិបញ្ញា និងការអភិវឌ្ឍ នាថ្ងៃទី ១១ កក្កដា អនុរដ្ឋមន្ត្រី លោក Nguyen Hoang Giang បានអះអាងថា វៀតណាមនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយ WIPO ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីកម្មសិទ្ធិបញ្ញា សកលប្រកបដោយបរិយាប័ន្ន  តុល្យភាព និងប្រសិទ្ធភាព  ដែលអាចឱ្យមានការច្នៃប្រឌិត  ដើម្បីផលប្រយោជន៍ទាំងអស់គ្នា។

ក៏នាថ្ងៃទី ១១ ខែកក្កដា គណៈប្រតិភូវៀតណាមបានជួបពិភាក្សាការងារជាមួយអគ្គនាយក WIPO លោក Daren Tang។ អនុរដ្ឋមន្ត្រី លោក Nguyen Hoang Giang បានអះអាងថា វៀតណាមជានិច្ចកាលចាប់អារម្មណ៍ចំពោះសកម្មភាពវិទ្យាសាស្ត្រ បច្ចេក វិទ្យា និងនវានុវត្តន៍ ក្នុងនោះកម្មសិទ្ធិបញ្ញាជាកត្តាសំខាន់។ នៅចុងបញ្ចប់នៃកិច្ចប្រជុំ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាង WIPO និងនាយកដ្ឋានកម្មសិទ្ធិបញ្ញា អំពីការជួយជ្រោមជ្រែងមជ្ឈមណ្ឌលស្រាវជ្រាវ បណ្តុះបណ្តាល គាំទ្រ និងផ្តល់យោបល់ សំដៅលើកកំពស់ជំនាញ និងចំណេះដឹងដល់អ្នកជំនាញ សហគ្រាសនិងកម្មាភិបាលវៀតណាម។

ក្នុងឱកាសនេះ គណៈប្រតិភូមានសកម្មភាពជួបប្រាស្រ័យទ្វេភាគីជាមួយតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិផ្សេងទៀតនៅទីក្រុងហ្សឺណែវ ព្រមទាំងបានទៅទស្សនាគំរូនៃការការពារ និងគ្រប់គ្រងសូចនាករភូមិសាស្ត្រនៅប្រទេសស្វីសផងដែរ៕


top