ព័ត៌មាន

វៀតណាមបន្តលើកត្រដែតនូវប្រធានបទ “ភាពស្អិតរមួតនិងការឆ្លើយតប” នៅឯកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៣៦

កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ នឹងប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី២៦ ខែមិថុនា នៅទីក្រុងហាណូយនៃប្រទេស វៀតណាម។ នេះគឺជាកិច្ចប្រជុំកំពូលប្រចាំឆ្នាំលើកដំបូងរបស់អាស៊ាន។

លោកអគ្គលេខាធិការគណៈកម្មាធិការជាតិអាស៊ាន ២០២០ Nguyen Quoc Dung (ឆ្វេង) និងអ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang ក្នុងសន្និសីទកាសែត


ហេតុដូច្នេះ មេដឹកនាំអាស៊ាននឹងពិនិត្យមើល ឡើងវិញនូវការងារចាប់ពីកិច្ចប្រជុំកំពូលលើកទី ៣៥ កាលពីខែវិច្ឆិកា ឆ្នាំ ២០១៩ រហូតមកដល់បច្ចុប្បន្ននេះ ព្រមទាំងផ្ទៀងស្តាប់នូវរបាយការណ៍និងផ្តល់មតិយោបល់លើកិច្ចសហប្រតិបត្តិការអាស៊ានក្នុងរយៈពេល ៦ ខែដើម​ឆ្នាំ ២០២០ លើសសរស្តម្ភទាំង ៣៖ នយោបាយ- សន្តិសុខ សេដ្ឋកិច្ចនិងវប្បធម៌ - សង្គម ក៏ដូចជាដាក់ចេញទិសដៅសម្រាប់កសាងសហគមន៍អាស៊ាន រយៈពេល ៦ ខែចុងឆ្នាំនេះ។ ជាពិសេសនៅក្នុងបរិបទបច្ចុប្បន្ននេះ កិច្ចប្រជុំកំពូលនឹងបន្តផ្តោតសំខាន់នឹងវិធានការឆ្លើយតបជាមួយជំងឺរាតត្បាត COVID-19 ដើម្បីស្តារអាស៊ានឱ្យមានការអភិវឌ្ឍយ៉ាងឆាប់រហ័សបំផុតដែលអាចធ្វើទៅបាន ក្រោយជំងឺរាតត្បាតសកល។

នៅក្នុងសន្និសីទកាសែតអន្តរជាតិដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី ២៣ ខែមិថុនានៅទីក្រុងហាណូយ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung ប្រធាន SOM វៀតណាមបានឲ្យដឹងថា៖ “នាពេលកន្លងមក ក្នុងនាមជាប្រធានអាស៊ាន វៀតណាមបានរួមជាមួយសមាជិកអាស៊ានដទៃទៀតបានបំពេញភារកិច្ចដើរទន្ទឹមគ្នា នោះគឺ បង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃ COVID-19 ផង និងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងសហគមន៍ ក៏ដូចជាអនុវត្តន៍នូវអាទិភាព គោលគំនិតដែលបានដាក់ចេញសម្រាប់ឆ្នាំ ២០២០។ ក្នុងរយៈពេល ៦ ខែកន្លងមក កិច្ចសហប្រតិបត្តិការអាស៊ានបានដំណើរការតាមស្មារតី“ភាពស្អិតរមួតនិងការឆ្លើយតប” ដែលបានជួយអាស៊ានកាន់តែរឹងមាំនិងអាច ក្លាយជាគំរូរបស់ពិភពលោកក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត COVID-19”។

ក្នុងនាមជាប្រធានអាស៊ាន ២០២០ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ធ្វើជាប្រធានសម័យបើកកិច្ចប្រជុំ; សម័យប្រជុំពេញអង្គ; សម័យប្រជុំពិសេសស្តីពីការផ្តល់សិទ្ធិអំណាចដល់ស្ត្រីក្នុងយុគសម័យឌីជីថល; ការសន្ទនារវាងថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាននិងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA), តំណាងយុវជនអាស៊ាន, ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) ផងដែរ។

តាមគម្រោង មេដឹកនាំអាស៊ាននឹងអនុម័តលើសេចក្តីថ្លែងការណ៍របស់ប្រធានស្តីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦; សេចក្តីថ្លែងការណ៍ចក្ខុវិស័យស្តីពីអាស៊ាន “ភាពស្អិតរមួតនិងការឆ្លើយតប” និងសេចក្តីថ្លែងការណ៍អាស៊ានស្តីពីការអភិវឌ្ឍធនធានមនុស្សសម្រាប់ពិភពការងារដែលកំពុងមានការផ្លាស់ប្តូរ។ បន្ទាប់ពីបិទបញ្ចប់កិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc នឹងធ្វើជាអធិបតីនៃសន្និសីទសារព័ត៌មានអន្តរជាតិ៕


តាម VOV5- វិទ្យុសម្លេងវៀតណាម


top