ព័ត៌មាន

វៀតណាមបញ្ជាក់ពីតួនាទីជាគោលដៅទេសចរណ៍ដ៏ល្អបំផុត នៅទីផ្សារអ៊ីស្រាអែល

ក្នុងក្របខ័ណ្ឌនៃពិព័រណ៍ទេសចរណ៍អន្តរជាតិមេឌីទែរ៉ាណេ (IMTM) លើកទី៣២ ដែលបានប្រព្រឹត្តទៅនៅទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល នាយប់ថ្ងៃទី១ ខែកុម្ភៈ ក្រុមហ៊ុន Authentic Asia DMC សហការជាមួយសម្ព័ន្ធក្រុមហ៊ុន Little Hoi An, Vietstar Cruises Investment JSC និង Destination Chase បានរៀបចំសិក្ខាសាលាឯកទេសក្រោមប្រធានបទ “វៀតណាម - គោលដៅដ៏ល្អបំផុត សម្រាប់ភ្ញៀវទេសចរអ៊ីស្រាអែល”។
វៀតណាមបញ្ជាក់ពីតួនាទីជាគោលដៅទេសចរណ៍ដ៏ល្អបំផុត នៅទីផ្សារអ៊ីស្រាអែល។ រូបភាព៖ VNP

នៅក្នុងសិក្ខាសាលានេះ ភាគីនានាបានធ្វើបច្ចុប្បន្នភាពយ៉ាងទូលំទូលាយស្តីពីសក្តានុពលទេសចរណ៍វៀតណាម ឧទ្ទេសនាមអំពីប្រព័ន្ធសេវាកម្មទេសចរណ៍ សមត្ថភាពអនុវត្តផលិតផលដូចជា ទេសចរណ៍រួមក្រុមតាមកាលកំណត់ (tour series) ទេសចរណ៍ពានរង្វាន់ (incentive) និងទេសចរណ៍តាមតម្រូវការ (tailor-made) ហើយបានពិភាក្សាអំពីទិសដៅសហប្រតិបត្តិការអភិវឌ្ឍន៍ផលិតផលឱ្យស្របតាមតម្រូវការរបស់ភ្ញៀវទេសចរអ៊ីស្រាអែល ក្នុងដំណាក់កាល ២០២៦-២០២៧។

នេះគឺជាពិព័រណ៍ទេសចរណ៍វិជ្ជាជីវៈដ៏ធំបំផុតនៅអ៊ីស្រាអែល និងតំបន់មេឌីទែរ៉ាណេ ដែលត្រូវបានរៀបចំឡើងជាប្រចាំអស់រយៈពេលជាង ៣០ ឆ្នាំកន្លងមក។ ពិព័រណ៍ឆ្នាំនេះនឹងប្រព្រឹត្តទៅជាផ្លូវការចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៤ ខែកុម្ភៈ នៅមជ្ឈមណ្ឌលពិព័រណ៍ Expo Tel Aviv ដោយប្រមូលផ្តុំស្តង់ទំនិញជិត ២០០ និងតំណាងរាប់ពាន់នាក់មកពីប្រទេសជាង៥០។ ការចូលរួមរបស់សហគ្រាសទេសចរណ៍វៀតណាម បានគូសសញ្ញាសម្គាល់ដ៏សំខាន់ក្នុងការផ្សព្វផ្សាយរូបភាពទេសចរណ៍វៀតណាមនៅទីផ្សារមជ្ឈិមបូព៌ា - មេឌីទែរ៉ាណេ៕


top