ព័ត៌មាន

វៀតណាមបញ្ជាក់ជំហរខ្ជាប់ខ្ជួនរបស់ខ្លួនក្នុងការដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធី

នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ជាថ្ងៃទី ២ នៃសម័យប្រជុំពិសេស ដោយមហាសន្និបាតអង្គការសហប្រជាជាតិប្រារព្ធធ្វើឡើង ស្តីពីស្ថានភាពនៅអ៊ុយក្រែន វៀតណាមរួមជាមួយប្រទេសនិងអង្គការជាង ១០០ បានអំពាវនាវឱ្យភាគីពាក់ព័ន្ធអនុវត្តន៍កិច្ចសន្ទនានិងការពារប្រជាជនរបស់ខ្លួន។
  លោកឯកអគ្គរដ្ឋទូត Dang Hoang Giang (រូបថត៖ TTXVN)  

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានស្វាគមន៍ការសន្ទនាថ្ងៃទី ២៨ ខែកុម្ភៈរវាងគណៈប្រតិភូអ៊ុយក្រែននិងរុស្ស៊ី ហើយសង្ឃឹមថា ភាគីពាក់ព័ន្ធនឹងបន្តរក្សាការសន្ទនាឆ្ពោះទៅរកដំណោះស្រាយដែលបានលើកឡើងខាងលើ។ ទន្ទឹមជាមួយគ្នានោះ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការធានាសន្តិសុខនិងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ និងបានស្នើឱ្យសហគមន៍អន្តរជាតិជម្រុញជំនួយមនុស្សធម៌សម្រាប់ប្រជាពលរដ្ឋ។

លោកឯកអគ្គរដ្ឋទូតស្នើភាគីពាក់ព័ន្ធធានាសន្តិសុខ និងសុវត្ថិភាពសម្រាប់សហគមន៍ជនបរទេសដែលកំពុងរស់នៅអ៊ុយក្រែន រួមទាំងសហគមន៍ជនវៀតណាម ព្រមទាំងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការជម្លៀសពលរដ្ឋវៀតណាមទៅកាន់ទីកន្លែងសុវត្ថិភាព។

ក៏នៅក្នុងជំនួបនេះដែរ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានអះអាងនូវគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមលើការដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធី ឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេស គោរពគោលការណ៍ឯករាជ្យ អធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់បណ្តាប្រទេស មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង និងមិនប្រើប្រាស់កម្លាំងក្នុងទំនាក់ទំនងអន្តរជាតិ៕ 


top