ព័ត៌មាន

វៀតណាមនឹងបន្តលើកកម្ពស់តួនាទីរបស់ខ្លួនក្នុងនាមជាសមាជិកសកម្មនិងមានទំនួលខុសត្រូវរបស់ OIF

នារសៀលថ្ងៃទី ២៥ មីនា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោកស្រី Louise Mushikiwabo អគ្គលេខាធិការអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង (OIF) ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
  ប្រធានរដ្ឋ វៀតណាម លោក Nguyen Xuan Phuc បានទទួលជួបលោកស្រី Louise Mushikiwabo អគ្គលេខាធិការអង្គការអន្តរជាតិ Francophonie (OIF) (រូបថត៖ Thong Nhat/TTXVN)  

នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ថា លោកស្រី Louise Mushikiwabo បានជ្រើសរើសវៀតណាមជាគោលដៅទីមួយរបស់គណៈប្រតិភូជំរុញសេដ្ឋកិច្ចនិងពាណិជ្ជកម្ម Francophone ដើម្បីតភ្ជាប់និងស្វែងរកឱកាសសហប្រតិបត្តិការជាមួយវៀតណាម។

ក្នុងជំនួបនេះ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់លើជោគជ័យរបស់គណៈប្រតិភូជាមួយនឹងកិច្ចព្រមព្រៀង សហប្រតិបត្តិការជាក់ស្តែងដែលបានចុះហត្ថលេខា ដែលបានរួមចំណែកក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងប្រពៃណី មិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងប្រទេស Francophone ជាច្រើន។ លោកប្រធានរដ្ឋបានអះអាងថា វៀតណាមនឹងបន្តលើកតម្កើងតួនាទីរបស់ខ្លួនជាសមាជិកសកម្ម និងមានការទទួលខុសត្រូវរបស់អង្គការអន្តរជាតិ Francophone ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនិងរួមចំណែកក្នុងការខិតខំប្រឹងប្រែងរបស់អង្គការដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍នៃប្រទេសសមាជិកនិងលើពិភពលោក។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានលើកឡើងនូវសំណើមួយចំនួនអំពីទិសដៅជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនាពេលខាងមុខ ដែលក្នុងនោះ សង្កត់ធ្ងន់លើការតភ្ជាប់អាជីវកម្មវៀតណាមជាមួយដៃគូ Francophone។ លោកប្រធានរដ្ឋបានស្នើឱ្យសហគមន៍ Francophone គាំទ្រវៀតណាមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហភាពអាហ្វ្រិកនិងជួយឧបត្ថម្ភការ បណ្តុះបណ្តាលវិជ្ជាជីវៈ និងភាសាបារាំងសម្រាប់កងទ័ពវៀតណាមនិងនាពេលខាងមុខគឺនគរបាលវៀតណាមដើម្បីចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅតាមបណ្តាប្រទេស Francophone ប្រចាំអាហ្វ្រិក។

ចំណែកខ្លួនវិញ លោកស្រីអគ្គលេខាធិការនៃអង្គការអន្តរជាតិ Francophonie បានអះអាងថា វៀតណាមគឺជាសមាជិកដ៏សំខាន់បំផុតរបស់អង្គការ ហើយគាំទ្រចំពោះតួនាទីយ៉ាងសកម្មរបស់វៀតណាមក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក្នុងចំណោមសមាជិកនៃអង្គការអន្តរជាតិ Francophone។ លោកស្រីជឿជាក់ថា វៀត ណាមគឺជាទីផ្សារដ៏ទាក់ទាញមួយ ហើយលោកស្រីក៏បានសម្តែងនូវការកោតសរសើរចំពោះសមិទ្ធិផលក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ នៅប្រទេសវៀត ណាម។ លោកស្រី Louise Mushikiwabo ក៏បានសង្កត់ធ្ងន់ថា បណ្តាប្រទេស Francophone មានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយវៀតណាម៕


top