
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការ បរទេសលោក Pham Binh Minh
វៀតណាមនឹងបន្តស្វិតស្វាញនឹងទិសស្លោក “ធ្វើជាមិត្តជាមួយប្រទេសទាំងអស់” ពហុបែប ពហុភាគី ដោយឈរលើមូលដ្ឋានឯករាជ្យ ម្ចាស់ការ ត្រៀមជាស្រេចប្រឈមមុខនឹងរាល់ការសាកល្បងក្នុងឆ្នាំ២០១៧ ដើម្បីជម្រុញដំណើរការធ្វើសមាហរណកម្មអន្តរជាតិ។ នេះជាការអះអាងរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការ បរទេសវៀតណាម លោក Pham Binh Minh ក្នុងការឆ្លើយសម្ភាសន៍ជាមួយសារព័ត៌មាននាថ្ងៃទី៥មករា។ លោក Pham Binh Minh បានលើកច្បាស់ថា៖ ឆ្នាំ២០១៦ជាឆ្នាំដែលវៀតណាមអាចអនុវត្តជាក់ស្តែងនូវក្របខ័ណ្ឌដៃគូលើគ្រប់ជ្រុងជ្រោយនិងយុទ្ធសាស្ត្រ។
“ថ្នាក់ដឹកនាំប្រទេសធំៗមួយចំនួនដូចជា ប្រធានាធិបតីរុស្ស៊ី អគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន ប្រធានាធិបតីអាមេរិក បារាំង ជប៉ុននិងកូរ៉េខាងត្បូង សុទ្ធតែមកបំពេញទស្សនកិច្ចការងារនៅវៀតណាម ហើយថ្នាក់ដឹកនាំវៀតណាមក៏អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសទាំងអស់នេះផងដែរ។ ដំណើរទស្សនកិច្ចទៅវិញទៅមកនេះ នឹងរួមចំណែកក្នុងការអនុវត្តរាល់វិធានការជាក់ស្តែង ដើម្បីបង្កើនទំនាក់ទំនង។ ជារួមគឺក្នុងឆ្នាំ២០១៦ ជាឆ្នាំពោរពេញទៅដោយសកម្មភាពកិច្ចការបរទេសពហុ ភាគីសំខាន់ៗ”។
ក្នុងឆ្នាំ ២០១៧ វៀតណាមនៅបន្តអនុវត្តគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ ដំដៅបង្កើតបរិយាកាសសន្តិភាពស្ថិរភាព។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh អញ្ជើញលើកច្បាស់ថា៖
“ក្នុងឆ្នាំ២០១៧នេះទិសស្លោករបស់វៀតណាមគឺស្វិតស្វាញនឹងគោលមាគ៌ា “ធ្វើជាមិត្តជាមួយប្រទេសទាំងអស់” ពហុបែប ពហុភាគីឈរលើមូលដ្ឋានឯករាជ្យម្ចាស់ការនិងឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ។គោលដៅរបស់យើងគឺរក្សាសន្តិភាព ស្ថិរភាព។វៀតណាមនឹងបន្តធ្វើឲ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនង ជាមួយប្រទេសនានាក្នុងក្របខ័ណ្ឌនៃដៃគូលើគ្រប់ជ្រុងជ្រោយ ដៃគូយុទ្ធសាស្ត្រ ជាពិសេសជាមួយប្រទេសជិតខាងនិងប្រទេសធំៗសំខាន់មួយចំនួន”។
ឆ្នាំ២០១៧ វៀតណាមបន្តអនុវត្តសេចក្តីសម្រេចចិត្តលេខ០៦នៃសន្និបាតមជ្ឈឹមលើកទី ៤ នោះគឺធ្វើសមាហរណកម្មអន្តរជាតិ បន្តម្ចាស់ការចូលរួមទៅក្នុង បណ្តាយន្តការពហុភាគីនិងអនុវត្តល្អគោលនយោបាយធ្វើសមាហរណកម្មអន្តរជាតិរបស់បក្សនិងរដ្ឋផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម