ព័ត៌មាន

វៀតណាមនិងអេហ្ស៊ីបជំរុញកិច្ចសហប្រតិបត្តិការលើបញ្ហាអន្តរជាតិដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក

នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានចូល ជួបសម្តែងការគួរសមជាមួយឯកអគ្គរដ្ឋទូត Osama M. Abdelkhalek ប្រធានគណៈប្រតិភូអេហ្ស៊ីប។
  ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang អញ្ជើញជួបជាមួយឯកអគ្គរដ្ឋទូតអេហ្ស៊ីប (រូបថត៖ អ្នកយកព័ត៌មាន VOV នៅអាមេរិក)  

នៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតទាំងពីរបានអះអាងថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាង វៀតណាមនិងអេហ្ស៊ីបបន្តអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយ; ទន្ទឹមនឹងនោះ លោកទាំងពីរបានចែករំលែកទស្សនៈនិងគោលជំហរលើបញ្ហាជាច្រើននៅអង្គការសហប្រជាជាតិ ហើយបានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើបញ្ហាអន្តរជាតិដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានចែករំលែកនូវគោលនយោបាយការបរទេសប្រដេញតាមសន្តិភាពរបស់វៀតណាម។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា សន្តិភាពគឺជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍលើគ្រប់ជ្រុងជ្រោយ ហើយដើម្បីរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការយ៉ាងសកម្មនៃប្រទេសទាំងអស់។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់លើទំនាក់ទំនងប្រពៃណីដ៏ល្អរបស់អេហ្ស៊ីបជាមួយវៀតណាម និងវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មរបស់អេហ្ស៊ីបក្នុងសកម្មភាពនៃចលនាមិនចូលបក្សសម្ព័ន្ធ ក្រុមអាស៊ី-ប៉ាស៊ីហ្វិកនៅអង្គការសហប្រជាជាតិ និងក្រុមមិត្តរបស់អង្គការសហប្រជាជាតិលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដោយវៀតណាមជាសហស្ថាបនិក។

ក្នុងពេលជាមួយគ្នានោះ លោកឯកអគ្គរដ្ឋទូត Osama M. Abdelkhalek បានអះអាងនូវបំណងចង់ធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូត Dang Hoang Giang នាពេលខាងមុខ ដើម្បីរួមចំណែកជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ លោកឯកអគ្គរដ្ឋទូតអេហ្ស៊ីបក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមនាពេលកន្លងមក ដោយចាត់ទុកថា វៀតណាមកំពុងលេចចេញជាចំណុចភ្លឺស្វាងនៅអាស៊ី ហើយសង្ឃឹមថា វៀតណាមនឹងបន្តរក្សានូវសន្ទុះអភិវឌ្ឍន៍ដ៏ទូលំទូលាយលើគ្រប់វិស័យ៕


top