ព័ត៌មាន

វៀតណាមនិងឡាវប្តេជ្ញាលើកកំពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បើកទូលាយទម្រង់នៃកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៣ នៅវិមាននាយករដ្ឋមន្រ្តី ក្នុងទីក្រុងវៀងច័ន្ទ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឡាវលោក Sonexay Siphandone។
  នាយករដ្ឋមន្ត្រីឡាវ លោក Pham Minh Chinh ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone (រូបថត៖ VOV)  

នៅក្នុងជំនួបពិភាក្សានេះ នាយករដ្ឋមន្ត្រីទាំងពីររូបបានបន្តអះអាងនូវគោលនយោបាយខ្ជាប់ខ្ជួនរបស់បក្សទាំងពីរ ហើយប្រទេសទាំងពីរតែងតែយកចិត្តទុក ដាក់ និងផ្តល់អាទិភាពខ្ពស់បំផុតក្នុងការពង្រឹង និងពូនជ្រុំទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងឡាវ។ នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពនឹងខិតខំប្រឹងប្រែងអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រវៀតណាម - ឡាវ ដំណាក់កាល ២០២១-២០៣០ កិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីវៀតណាម-ឡាវ ២០២១-២០២៥ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងផែនការសហប្រតិបត្តិការលើវិស័យនានា។ ភាគីទាំងពីរក៏បានឯកភាពបន្តលើកកំពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បន្តរក្សាបាននូវកំណើនពាណិជ្ជកម្មប្រកបដោយស្ថិរភាពពី ១០-១៥% ក្នុងមួយឆ្នាំ ឬច្រើនជាងនេះ បន្តលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យយុត្តិធម៌ វិទ្យាសាស្ត្រ  បច្ចេកវិទ្យា វប្បធម៌ ទេសចរណ៍ ការផ្លាស់ប្តូររវាងប្រជាជន និងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន ជាពិសេសខេត្តជាប់ព្រំដែន។

ស្តីពីបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក ភាគីទាំងពីរបានឯកភាពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ បង្កើនការផ្លាស់ប្តូរព័ត៌មាន និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគីក្នុងតំបន់ និងអន្តរជាតិ ជាពិសេសនៅអង្គការសហប្រជាជាតិ   សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងយន្តការសហប្រតិបត្តិការអនុតំបន់; រួមជាមួយបណ្តាប្រទេសអាស៊ានដទៃទៀត ខិតខំរក្សាសាម្គីភាព និងតួនាទីជាមជ្ឈភាពរបស់អាស៊ាន ព្រមទាំងសម្របសម្រួលរក្សាគោលជំហររួមរបស់អាស៊ានលើបញ្ហាយុទ្ធសាស្ត្រ រួមទាំងបញ្ហាសមុទ្រខាងកើតផងដែរ។ វៀតណាមបានត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រប្រទេសឡាវ ទទួលជោគ ជ័យរាល់ភារកិច្ចអន្តរជាតិនាពេលខាងមុខ រួមទាំងតួនាទីជាប្រធានអាស៊ាន/AIPA ក្នុងឆ្នាំ២០២៤ ផងដែរ។

បន្ទាប់ពីកិច្ចពិភាក្សា នាយករដ្ឋមន្ត្រីទាំងពីររូបបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន ១០ រវាងប្រទេសទាំងពីរ។

បន្ទាប់មក នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីឡាវលោក Sonexay Siphandone បានធ្វើជាសហប្រធានសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃជំនួបពិភាក្សា និងចូលរួមពិធីបិទ ឆ្នាំនៃសាមគ្គីភាព និងមិត្តភាពវៀតណាម-ឡាវ ឡាវ-វៀតណាម។ ក្នុងពិធីបិទ នាយករដ្ឋមន្ត្រីទាំងពីររូបបានវាយតម្លៃថា សកម្មភាពក្នុង ឆ្នាំមិត្តភាព វៀតណាម-ឡាវ និងឡាវ-វៀតណាមត្រូវបានរៀបចំឡើងយ៉ាងសម្បូរបែប   និងប្រកបដោយអត្ថន័យ រួមចំណែកផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងជួយប្រជាជនគ្រប់ៗរូប   ជាពិសេសយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ យល់យ៉ាងស៊ីជម្រៅអំពីទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងប្រជាជននៃប្រទេសទាំងពីរ៕


top