កាលពីថ្ងៃទី ២៤ ខែមីនា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីការបរទេសវៀត ណាមលោក ឡេ ហយជុង បានជួបពិភាក្សាជាមួយលោក Jozef Sikela ស្នងការសហភាពអឺរ៉ុបសម្រាប់ភាពជាដៃគូអន្តរជាតិ ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម។
រដ្ឋមន្ត្រីការបរទេសវៀតណាមលោក ឡេ ហយជុង បានជួបពិភាក្សាជាមួយលោក Jozef Sikela ស្នងការសហភាពអឺរ៉ុបសម្រាប់ភាពជាដៃគូអន្តរជាតិ។ (រូបថត៖ VOV)
ក្នុងកិច្ចពិភាក្សា លោករដ្ឋមន្ត្រី ឡេ ហយជុង បានបញ្ជាក់ថា វៀតណាមចាត់ទុកសហភាពអឺរ៉ុបជាដៃគូមួយក្នុងចំណោមដៃគូសំខាន់បំផុត ហើយមានបំណងចង់ឱ្យភាគីទាំងពីរលើកកម្ពស់កិច្ចសហប្រតិបត្តិការឆ្ពោះទៅរកទិសដៅកាន់តែជាក់ស្ដែងនិងមានប្រសិទ្ធភាព។
លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ភាគីទាំងពីរចាំបាច់ត្រូវជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងស្នើឱ្យភាគីទាំងពីរធ្វើអាជីវកម្មនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប-វៀតណាម (EVFTA) ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម; ស្នើឱ្យសហភាពអឺរ៉ុបពន្លឿនការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគសហភាពអឺរ៉ុប-វៀតណាម (EVIPA) ដក "កាតលឿង" IUU លើជលផលវៀតណាម និងដកវៀតណាមចេញពីបញ្ជីប្រទេសដែលមិនសហការលើពន្ធក្នុងពេលឆាប់ៗនេះ។
រីឯខ្លួនវិញ ស្នងការសហភាពអឺរ៉ុបលោក J. Sikela បានបញ្ជាក់ថា សហភាពអឺរ៉ុបត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារពាក់ព័ន្ធវៀតណាម ដើម្បីអនុវត្តន៍
សសរស្តម្ភសហប្រតិបត្តិការថ្មីៗ ក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមច្រកទ្វារសកល ប្រកបដោយប្រសិទ្ធភាព; បង្កើនការកៀរគរធនធានហិរញ្ញវត្ថុ ជាពិសេសហិរញ្ញវត្ថុបៃតង ព្រមទាំងជំរុញការផ្ទេរបច្ចេកវិទ្យា និងការគាំទ្របច្ចេកទេស; សម្របសម្រួលក្នុងការអនុវត្ត EVFTA ប្រកបដោយប្រសិទ្ធភាព ដែលបម្រើជាមូលដ្ឋានសំខាន់សម្រាប់ជំរុញការអភិវឌ្ឍពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីប្រកបដោយចីរភាព៕