នាថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្នាក់ការស្ថាប័នកិច្ចការបរទេសនៃសហភាពអឺរ៉ុប (EEAS) នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីការបរទេសវៀតណាម និងលោកស្រី Paola Pampaloni អគ្គនាយកស្តីទីនៃនាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិករបស់ EEAS បានធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី ៦ នៃគណៈកម្មាធិការចម្រុះវៀតណាម-សហភាពអឺរ៉ុប (EU) ដើម្បីអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប (PCA)។
លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីការបរទេសវៀតណាម និងលោកស្រី Paola Pampaloni អគ្គនាយកស្តីទីនៃនាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិករបស់ EEAS ។ រូបថត៖ Hương Giang/TTXVN
នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាពគ្នាបង្កើនការផ្លាស់ប្តូរគណៈប្រតិភូកម្រិតខ្ពស់; សម្របសម្រួលដើម្បីអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ប្រកបដោយប្រសិទ្ធភាព។ ជំរុញឱ្យប្រទេសសមាជិកសហភាពអឺរ៉ុបចំនួន ៦ ដែលនៅសល់ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគ (EVIPA) ឱ្យបានឆាប់ៗ។
លោកស្រីអនុរដ្ឋមន្ត្រី Le Thi Thu Hang បានស្នើឱ្យ EU និងរដ្ឋជាសមាជិកពិចារណាលុបចោល “កាតលឿង” ក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ក្នុងពេលឆាប់ៗនេះ។ ហើយ EU សង្ឃឹមថា វៀតណាមនឹងចូលរួមយ៉ាងសកម្មនៅក្នុងគម្រោងនានា ក្រោមយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក និងគំនិតផ្តួចផ្តើមច្រកទ្វារសកល។
ភាគីទាំងពីរបានព្រមព្រៀងគ្នាលើកកម្ពស់ពហុភាគីនិយម និងតួនាទីរបស់អង្គការសហប្រជាជាតិ; អះអាងដោះស្រាយជម្លោះសមុទ្រដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២)។ ភាគីទាំងពីរគាំទ្រការធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត។
វៀតណាម និង EU ក៏បានបញ្ជាក់ថា នឹងផ្តល់អាទិភាពដល់ការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)-EU ដោយលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ឆ្លើយតបទៅនឹងបញ្ហាប្រឈមសកលទាក់ទងនឹងអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ បរិស្ថាន និងជំងឺរាតត្បាត; រួមចំណែកដល់ការអភិវឌ្ឍបៃតង និងប្រកបដោយចីរភាពនៅក្នុងអនុតំបន់ រួមទាំងអនុតំបន់ទន្លេមេគង្គផងដែរ៕