ព័ត៌មាន

វៀតណាមនិងម៉ារ៉ុកជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម

នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ (តាមម៉ោងក្នុងតំបន់) នៅទីស្នាក់ការសភាម៉ារ៉ុកក្នុងរដ្ឋធានី Rabat ប្រធានសភាជាន់ទាបព្រះរាជាណាចក្រម៉ារ៉ុក លោក Rachid Talbi El Alami បានអញ្ជើញជាអធិបតីក្នុងពិធីស្វាគមន៍ជាផ្លូវការចំពោះប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រម៉ារ៉ុក។
ប្រធានរដ្ឋសភាលោក Tran Thanh Man និងប្រធានសភាជាន់ទាបព្រះរាជាណាចក្រម៉ារ៉ុក Rachid Talbi Alami (រូបថត៖ Le Tuyet/VOV)

ថ្លែងមតិនៅកិច្ចពិភាក្សាក្រោយពិធីទទួលស្វាគមន៍ ប្រធានរដ្ឋសភាវៀត ណាម លោក Tran Thanh Man បានឲ្យដឹងថា ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីបានកត់ត្រាកំណើនគួរឲ្យចាប់អារម្មណ៍ ឈានដល់ជាង ៣២០លានដុល្លារអាមេរិក លើសពីពេញមួយឆ្នាំឆ្នាំ២០២៤។ ដើម្បីឲ្យប្រទេសទាំងពីរធ្វើអាជីវកម្មទីផ្សារគ្នាទៅវិញទៅមកបានល្អប្រសើរ ប្រធានរដ្ឋសភាលោក Tran Thanh Man បានស្នើឲ្យភាគីទាំងពីរសិក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការនាំចេញទៅកាន់ទីផ្សារទីបី; ជំរុញកិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្មយុទ្ធសាស្ត្រ ដូចជា៖ ការកែច្នៃកសិកម្ម ការផលិតជី ថាមពលកកើតឡើងវិញ។ល។​

ពិភាក្សាអំពីបញ្ហាអន្តរជាតិនិងតំបន់ដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក ប្រធានរដ្ឋសភាលោក Tran Thanh Man បានស្នើឱ្យម៉ារ៉ុកគាំទ្រគោលជំហរអាស៊ាន និងវៀតណាមនៅតំបន់សមុទ្រខាងកើត ជាពិសេសការដោះស្រាយជម្លោះដែនសមុទ្រដោយសន្តិវិធី ឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ។

ចំណែកខ្លួនវិញ ប្រធានសភាជាន់ទាបម៉ារ៉ុក Rachid Talbi El Alami បានគាំទ្រការសិក្សារបស់ប្រទេសទាំងពីរសម្រាប់ចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយ; ក៏ដូចជាលទ្ធភាពនៃការធ្វើឱ្យប្រសើរឡើងនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ពង្រឹងការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការទ្វេភាគី។

បន្ទាប់មក នារសៀលថ្ងៃ ២៥ កក្កដា   ប្រធានរដ្ឋសភា លោក Tran Thanh Man បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រម៉ារ៉ុក លោក Aziz Akhannouch។ ប្រធានរដ្ឋសភាលោក Tran Thanh Man បានវាយតម្លៃថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅមានកម្រិត បើធៀបនឹងសក្ដានុពល ហើយស្នើថា ម៉ារ៉ុកបង្កលក្ខណៈងាយស្រូលសម្រាប់ផលិតផលសក្កានុពលរបស់វៀតណាម ដូចជា កសិកម្ម ស្បែកជើង សម្លៀកបំពាក់ អាហារសមុទ្រជាដើម ដើម្បីចូលទៅកាន់ទីផ្សារម៉ារ៉ុក។ ទន្ទឹមនឹងនោះ ជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ។

ដោយយល់ស្របនឹងការវាយតម្លៃរបស់ប្រធានរដ្ឋសភា លោក Tran Thanh Man នាយករដ្ឋមន្ត្រីម៉ារ៉ុក លោក Aziz Akhannouch បានចាត់ទុកថា ភាគីទាំងពីរត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីនាំមកនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម សមស្របនឹងទំនាក់ទំនងនយោបាយ និងសក្តានុពលរបស់ប្រទេសនីមួយៗ។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា លោកនឹងទៅបំពេញទស្សនកិច្ចនៅវៀតណាមក្នុងពេលឆាប់ៗនេះជាមួយគណៈប្រតិភូធុរកិច្ចម៉ារ៉ុក ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ក៏ដូចជាផ្សព្វផ្សាយនិងជំរុញទេសចរណ៍ម៉ារ៉ុកនៅវៀតណាមផងដែរ៕


top