វៀតណាម និងប៊ុលហ្គារី បានលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រ។ នេះជាព័ត៌មានដែលត្រូវបានអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងប្រធានាធិបតីប៊ុលហ្គារីលោក Rumen Radev ប្រកាសក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សាកម្រិតខ្ពស់នាព្រឹកថ្ងៃទី ២៣ ខែតុលា នៅរដ្ឋធានី Sofia នៃប្រទេសប៊ុលហ្គារី ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់លោកអគ្គលេខាបក្ស តូ ឡឹម និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅកាន់ប្រទេសប៊ុលហ្គារី។
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងប្រធានាធិបតីប៊ុលហ្គារីលោក Rumen Radev នៅក្នុងសន្និសីទសារព័ត៌មាន។ (រូបថត៖ Van Hieu/VOV)
ថ្លែងមតិក្នុងសន្និសីទសារព័ត៌មាន លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា៖ “ដោយឈរលើមូលដ្ឋាននៃការអភិវឌ្ឍជាវិជ្ជមាននៃសមិទ្ធិផលដ៏ធំធេងក្នុងទំនាក់ទំនងវៀតណាម - ប៊ុលហ្គារី ក្រោយរយៈពេល ៧៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត ដោយមានជំនឿជាក់យ៉ាងមុតមាំចំពោះអនាគតដ៏ល្អប្រសើរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ យើងខ្ញុំបានអនុម័តលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ប៊ុលហ្គារី។ នេះជាសញ្ញាសម្គាល់ដ៏សំខាន់ ដែលបង្កើតមូលដ្ឋានគ្រឹះដើម្បីនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកម្ពស់ថ្មី ដើម្បីផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ ក្របខណ្ឌកិច្ចសហប្រតិបត្តិការនេះនឹងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង សហប្រតិបត្តិការរវាងវៀតណាម និងប៊ុលហ្គារី ពង្រីកឧត្តមភាពរបស់គ្នាទៅវិញទៅមក ដើម្បីឲ្យប្រទេសទាំងពីរបន្តអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពក្នុងស្ថានភាពថ្មី”។
រីឯខ្លួនវិញ ប្រធានាធិបតីប៊ុលហ្គារី លោក Rumen Radev បានអះអាងថា វៀតណាមជាដៃគូសំខាន់ និងជាអាទិភាពរបស់ប៊ុលហ្គារីក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប្រធានាធិបតីប៊ុលហ្គារីក៏បានវាយតម្លៃខ្ពស់ចំពោះអត្រាកំណើនសេដ្ឋកិច្ច ក៏ដូចជាគោលនយោបាយការបរទេសដ៏សកម្មរបស់វៀតណាម និងបង្ហាញជំនឿជាក់ចំពោះអនាគតដ៏ភ្លឺស្វាងនៃទំនាក់ទំនងវៀតណាម-ប៊ុលហ្គារីលើគ្រប់វិស័យផងដែរ៕