ចំណុចសំខាន់ៗ

វៀតណាមនិងបែលហ្ស៊ិក ប្តេជ្ញាលើកកម្ពស់ទំនាក់ទំនងទ្វេភាគីដល់កម្រិតថ្មីមួយ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការទៅកាន់ព្រះរាជាណាចក្របែលហ្ស៊ិក នាថ្ងៃទី២៣ ខែតុលា នៅទីក្រុងព្រុចសែល អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោកតូ ឡឹម អញ្ជើញ ចូលរួមពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ និងបានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីបែលហ្ស៊ិកលោក Bart De Wever។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោកតូ ឡឹម និងនាយករដ្ឋមន្ត្រីបែលហ្ស៊ិកលោក Bart De Wever។ (រូបថត៖ TTXVN)

ក្នុងជំនួបពិភាក្សា អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម និងនាយករដ្ឋមន្ត្រីបែលហ្ស៊ិកលោក Bart De Wever បានឯកភាពគ្នាលើតម្រូវការក្នុងការបន្តបង្កើនទំនុកចិត្តនយោបាយ រក្សាការផ្លាស់ប្តូរ ការយកចិត្តទុកដាក់ និងតម្រូវការរបស់គ្នាទៅវិញទៅមក ដើម្បីពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការ ដោយប្តេជ្ញាលើកកម្ពស់ទំនាក់ទំនងទ្វេភាគី វៀតណាម-បែលហ្ស៊ិកដល់កម្រិតថ្មីមួយ។

ទាក់ទងនឹងនយោបាយ ការទូត និងការពារជាតិ សន្តិសុខ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត ជាពិសេសនៅកម្រិតខ្ពស់ ក៏ដូចជាអនុវត្តរាល់យន្តការ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលមានស្រាប់ប្រកបដោយប្រសិទ្ធភាព។ ភាគីទាំងពីរបានឯកភាពនាំកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខក្លាយជាសសរស្តម្ភសំខាន់នៅក្នុងក្របខ័ណ្ឌទំនាក់ទំនងថ្មី ដោយផ្តោតលើការពង្រីកកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល វេជ្ជសាស្ត្រយោធា រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងការចែករំលែកព័ត៌មាន...។

ទាក់ទងនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ភាគីទាំងពីរបានឯកភាពគ្នាលើតម្រូវការក្នុងការបង្កើតរបកគំហើញថ្មីៗ និងលើកកម្ពស់គម្រោងសហប្រតិបត្តិការយុទ្ធសាស្ត្រទ្រង់ទ្រាយធំនៅក្នុងតំបន់ដែលបែលហ្ស៊ិកមានឧត្តមភាព។

អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីបែលហ្ស៊ិកលោក Bart De Wever។ (រូបថត៖ TTXVN)

អគ្គលេខាបក្ស​ ប្រធានរដ្ឋ លោកតូ ឡឹម បានស្នើឱ្យបែលហ្ស៊ិកលើកទឹកចិត្តសាជីវកម្មធំៗ បើកទូលាយការវិនិយោគនៅវៀតណាម ព្រមទាំង អះអាងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមក្នុងការបង្កើតបរិយាកាសវិនិយោគ និងអាជីវកម្មដែលអំណោយផល និងមានសុវត្ថិភាពសម្រាប់អាជីវកម្មបែលហ្ស៊ិកដើម្បីដំណើរការរយៈពេលវែង។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម ក៏បានស្នើឱ្យបែលហ្ស៊ិកបន្តគាំទ្រទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុប ដោយបង្កើនអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) និងជំរុញឱ្យគណៈកម្មការអឺរ៉ុប (EC) ដកការព្រមាន "កាតលឿង" IUU ចំពោះជលផលវៀតណាមក្នុងពេលឆាប់ៗនេះ។ ថ្នាក់ដឹកនាំទាំងពីរបានចែករំលែកទស្សនៈថា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាគឺជាវិស័យមួយដែលមានសក្តានុពលខ្ពស់សម្រាប់កិច្ចសហប្រតិបត្តិការនៃភាគីទាំងពីរ។

អញ្ជើញពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សេរីភាព សន្តិសុខ និងសុវត្ថិភាពនៃការធ្វើនាវាចរណ៍តាមផ្លូវសមុទ្រ និងផ្លូវអាកាស; លើកកំពស់ពហុភាគីនិយម និងគោរពច្បាប់អន្តរជាតិ; គាំទ្រតួនាទីស្នូលរបស់អាស៊ាននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី និងអង្គការអន្តរជាតិ ជាពិសេសនៅអង្គការសហប្រជាជាតិ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) និងក្នុងក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប៕


top