ព័ត៌មាន

វៀតណាមនិងកូរ៉េខាងត្បូងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគ

នារសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបលោក Park Noh Wan ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំនៅវៀតណាម ដែលមកជម្រាបលាដោយបញ្ចប់បេសកកម្មការទូតនៅវៀតណាម។
  ប្រធានរដ្ឋ លោក Nguyen Xuan Phuc ជូនវត្ថុអនុស្សាវរីយ៍ដល់លោក Park Noh Wan ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំនៅវៀតណាម (រូបថត៖ Vu Dung/VOV)  
  ឯកអគ្គរដ្ឋទូតលោក Park Noh Wan បានសម្តែងថា ទោះក្នុងឋានៈណាក៏ដោយ លោកនឹងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនខ្លាំងក្លាឡើង (រូបថត៖ Vu Dung/VOV)  

ក្នុងជំនួបនេះ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានវាយតម្លៃថា លោកឯកអគ្គរដ្ឋទូត Park Noh Wan បាន រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជាច្រើន ធ្វើឲ្យប្រសើរឡើងនូវទំនុកចិត្តនយោបាយ និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ និងសេដ្ឋកិច្ច។ បច្ចុប្បន្ន កូរ៉េខាងត្បូងគឺជាដៃគូឈានមុខគេរបស់វៀតណាម ដោយមានទុនវិនិយោគជិត ៨០ ពាន់លានដុល្លារអាមេរិក នាំមុខប្រទេស និងតំបន់ដែនដីដែលកំពុងវិនិយោគនៅវៀតណាម។ ទំហំពាណិជ្ជកម្មទ្វេភាគីកាលពីឆ្នាំមុនបានឈានដល់ ៧៨ ពាន់លានដុល្លារ ហើយមាននិន្នាការកើនឡើងជាលំដាប់។ លោកប្រធានរដ្ឋមានបំណងចង់ឲ្យភាគីទាំងពីរជំរុញដំណើរទស្សនកិច្ចនៅគ្រប់ជាន់ថ្នាក់ ជំរុញពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូរប្រជាជនជាមួយប្រជាជន។ ជាមួយនឹងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ លោកប្រធានរដ្ឋបានចាត់ទុកថា  កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងបន្តសម្រេចបានជោគជ័យកាន់តែធំធេងថែមទៀតជាពុំខាន។

រីឯខ្លួនវិញ លោក ឯកអគ្គរដ្ឋទូត Park Noh Wan បានថ្លែងអំណរគុណចំពោះលោកប្រធានរដ្ឋ លើការសម្រេចចិត្តប្រគល់គ្រឿងឥស្សរិយយសមិត្តភាព ដែលជារង្វាន់ដ៏ខ្ពង់ខ្ពស់របស់រដ្ឋវៀតណាម ហើយបានមានប្រសាសន៍ថា លោកតែងតែមានមនោសញ្ជេតនាជាពិសេសចំពោះប្រទេស និងប្រជាជនវៀតណាម។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា ទោះជាមានតួនាទីបែបណាក៏ដោយ លោកនៅតែជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនឲ្យខ្លាំងក្លាថែមទៀត៕


top