ព័ត៌មាន

វៀតណាមនិងកូរ៉េខាងត្បូង ឆ្ពោះទៅការលើកកម្ពស់ទំនាក់ទំនងឡើងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ

តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក Chung Eui-yong និងអគ្គលេខាធិការអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) លោក Mathias Cormann រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង និងចូលរួមក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីនៃកម្មវិធីអាស៊ីអាគ្នេយ៍(SEARP) របស់ OECD ចាប់ពីថ្ងៃទី ៩-១១ ខែកុម្ភៈ។

 

រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son និងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក Chung Eui-yong ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅកាន់វៀតណាមចាប់ពីថ្ងៃទី ២១-២៣ ខែមិថុនា ឆ្នាំ២០២១ (រូបថត៖ baoquocte.vn)

នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់រដ្ឋមន្ត្រីការបរទេសវៀតណាម ទៅកាន់កូរ៉េខាងត្បូងក្នុងរយៈពេល ៥ ឆ្នាំកន្លងមក។ រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son នឹងជួបពិភាក្សាការងារជាមួយមជ្ឈដ្ឋានមន្ត្រីកូរ៉េខាងត្បូង ដោយផ្តោតការពិភាក្សានិងឯកភាពលើកម្មវិធីធ្វើសកម្មភាពសម្រាប់ឆ្នាំរំលឹកខួប ក៏ដូចជាការបញ្ជាក់ពីទិសដៅសម្រាប់ទំនាក់ទំនងទ្វេភាគី នាពេលខាងមុខ ដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានឯកភាពគ្នា។ វិស័យសហប្រតិបត្តិការជាអាទិភាពរួមមាន វិស័យការទូត នយោបាយ ការពារជាតិនិងសន្តិសុខ សេដ្ឋកិច្ច-សង្គមដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៃប្រទេសទាំងពីរ និងតំបន់ទាំងពីរ អាស៊ីអាគ្នេយ៍-អាស៊ីឦសាន ក៏ដូចជាតំបន់ផ្សេងៗទៀតផងដែរ។ រដ្ឋមន្ត្រីលោក Bui Thanh Son នឹងចូលរួមកម្មវិធីអាស៊ីអាគ្នេយ៍របស់ OECD ក្រោមអធិបតីភាពរបស់កូរ៉េខាងត្បូង ក្នុងនាមជាសហប្រធានកម្មវិធីសម្រាប់ដំណាក់កាល ២០២២-២០២៥។ លើសពីនេះទៅទៀត តំណាងឱ្យវៀតណាមក្នុងតួនាទីជាអ្នកសម្របសម្រួលកិច្ចសហប្រតិបត្តិការអាស៊ាន-កូរ៉េខាងត្បូង ដំណាក់កាល ២០២០-២០២៣ រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son ក៏នឹងពិភាក្សាជាមួយដៃគូកូរ៉េខាងត្បូងលើប្រធានបទនេះផងដែរ។

ដំណើរទស្សនកិច្ចលើកនេះ គឺជាការបង្ហាញជាក់ស្តែងពីគោលការណ៍លើកកំពស់ទំនាក់ទំនងកិច្ចការបរទេសពហុភាគី ដែលមហាសន្និបាតបក្សលើកទី១៣ ទើបបានអនុម័ត ដែលក្នុងនោះវៀតណាមបានរួមចំណែកយ៉ាងម្ចាស់ការនិងសកម្ម ក្នុងវេទិកា និងរបៀបរបបពហុភាគី ដំបូងបង្អស់គឺក្នុងក្របខ័ណ្ឌអាស៊ាន ក្នុងនាមជាសមាជិកប្រកបដោយម្ចាស់ការនិងសកម្ម របស់អាស៊ាន៕ 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​


top