ព័ត៌មាន

វៀតណាមធ្វើតេស្តចាក់វ៉ាក់សាំងបង្ការ COVID-19 លើសត្វកណ្តុរ


 រូបថតៈ ក្រសួងសុខាភិបាលវៀតណាម
 

យោង​តាមប្រភពព័ត៌មានពីគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19, គិតត្រឹមម៉ោង ៦ ព្រឹកថ្ងៃទី ៤ ឧសភា វៀតណាមមិនមានករណីឆ្លងថ្មី COVID-19 ឡើយ។ 
 
ហេតុ​ដូច្នេះ ក្នុងរយៈពេល ១៨ ថ្ងៃបន្តបន្ទាប់ វៀតណាមគ្មានករណីឆ្លងថ្មីនៅក្នុងសហគមន៍ទេ។ ចំនួន​ករណី​វិជ្ជមាន​ ជាមួយវីរុស SARS-CoV-2 ទាំងអស់ រហូតទល់ពេលនេះគឺមានចំនួន ២៧១ ករណីដែលក្នុងនោះមាន ២១៩ ​ករណីត្រូវបានព្យាបាលជាសះស្បើយ ហើយគ្មានអ្នកណាម្នាក់បានស្លាប់ឡើយ។
 
ទាក់ទិន​ទៅនឹងការងារស្រាវជ្រាវវ៉ាក់សាំងប្រឆាំងនឹង COVID-19 នៅវៀតណាម នាថ្ងៃទី ៣ ឧសភា ក្រុមហ៊ុនចំ​កាត់​  VABIOTECH នៃក្រសួងសុខាភិបាល បានប្រកាសថា ខ្លួនបាន​ចាប់​ផ្តើម​ជំហាន​ដំបូង​នៃការ​ធ្វើតេស្ត​សាក​ល្បង​វ៉ាក់សាំងបង្ការ COVID-19។ ឥឡូវនេះ វ៉ាក់សាំងកំពុងបានចាក់សាកល្បងលើសត្វកណ្តុរ ដើម្បីវាយ​តម្លៃ​លើលទ្ធភាពផលិតអង្គបដិប្រាណប្រឆាំងនឹងវីរុស SARS-CoV-2។ នេះគឺជា​ដំណាក់​កាល​ដំបូង​នៃការ​ផលិត​វ៉ាក់​សាំង​ បន្ទាប់ពី ២-៣ សប្តាហ៍ខាងមុខ គ្រោងនឹងមានលទ្ធផលនៃការឆ្លើយតបភាពស៊ាំសុវត្ថិភាព។ លទ្ធផលនៃ​ការស្រាវជ្រាវដំបូងនេះ គឺជាកិច្ចសហការរបស់អ្នកវិទ្យាសាស្ត្រមកពីក្រុមហ៊ុនចំកាត់ VABIOTECH និងសាកល​វិទ្យាល័​យ Bristol នៃចក្រភពអង់គ្លេស។ លោកវេជ្ជបណ្ឌិត Do Tan Dat នាយកក្រុម​ហ៊ុន​ចំកាត់ VABIOTECH បានឲ្យដឹងថា៖ “នេះគឺជាជំហានដំបូងដើម្បីវាយតម្លៃថា តើអង់ទីករ​អាចប​ង្កើត​ភាព​ស៊ាំលើ​សត្វ​ដែ​រឬអត់? នេះគឺជាជំហានសំខាន់បំផុត។ ជំហានបន្ទាប់ ប្រសិនបើទទួលបានជោគជ័យ យើង​នឹង​ជ្រើស​រើស​បេក្ខជននោះ ដើម្បីការសិក្សាស្រាវជ្រាវបន្ត បង្កើតដំណើរការផលិតកម្ម ខ្នាតមន្ទីរពិសោធន៍ រហូតដល់​មាន​ខ្នាត​ធំជាង ដែលអាចវាយតម្លៃបន្ថែមទៀតលើសត្វ អំពីលក្ខណៈសុវត្ថិភាព​ក៏ដូចជា​ការឆ្លើយ​តបភាព​ស៊ាំនិង​លទ្ធភាព​ការពាររបស់វ៉ាក់សាំងដែ​រ”។

នេះជាលើក​ដំបូងហើយដែលអ្នកផលិត​វ៉ាក់សាំងវៀតណាម បានស្រាវ​ជ្រាវផលិត​វ៉ាក់សាំង​ដោយដើម​ទុនពីមូល​និធិវិនិយោគ​ក្នុងប្រទេស​ តាមរបៀបថ្មីបំផុតនិងអាចទាក់ទងផ្ទាល់នឹងពិភពលោក។
 
បច្ចុប្បន្ននេះ​ មានអ្នកអភិវឌ្ឍន៍វ៉ាក់សាំងប្រមាណ ៧០-៨០ នាក់នៅលើពិភពលោក​កំពុង​ស្រាវជ្រាវ​ក្នុង​ដំណាក់​កាល​ស្រដៀង​គ្នា​នៅ​វៀត​ណាម ពោលគឺធ្វើតេស្តលើសត្វកណ្តុរ។ លើសពីនេះទៅទៀត មានក្រុមហ៊ុនចំនួន ៨ បាន​ឈាន​ទៅមុខយ៉ាង​លឿនដោយបានចាក់សាកល្បងទាំងលើ​រាងកាយមនុស្ស និងសត្វផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 


top