ព័ត៌មាន

វៀតណាមទទួលដំណែងប្រធាន ADMM និង ADMM + ជាផ្លូវការ

ពិធីប្រគល់ដំណែងប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) និងប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបើកទូលាយ (ADMM +) ឆ្នាំ២០២០ បានប្រារព្ធធ្វើឡើងនារសៀលថ្ងៃទី ១៨ ខែវិច្ឆិកា នៅទីក្រុងបាងកកនៃប្រទេសថៃ។


នាយឧត្តមសេនីយ៍លោក Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញទទួលនិមិត្តរូបនៃតួនាទីជាប្រធាន ADMM និង ADMM + ពីនាយឧត្តមសេនីយ៍ Prawit Wongsuwan ឧបនាយករដ្ឋមន្ត្រីថៃ ផងដែរ

អញ្ជើញថ្លែងក្នុងពិធី នាយឧត្តមសេនីយ៍លោក Ngo Xuan Lich បានអះអាងថា ទន្ទឹមនឹងសមិទ្ធិផលនៃយន្តការ ADMM និង ADMM + នោះ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក លទ្ធផលវិជ្ជមានក្នុងឆ្នាំ ២០១៩ នឹងជាមូលដ្ឋានគ្រឹះអំណោយផលសម្រាប់វៀតណាមកាន់តួនាទីជាប្រធានសម្រាប់ឆ្នាំ២០២០; ទន្ទឹមជាមួយគ្នានេះ គំនិតផ្តួចផ្តើមរបស់ប្រធាននៃអាណត្តិមុននឹងបន្តត្រូវបានវៀតណាមលើកកម្ពស់ជានិច្ច។ ដោយសង្កត់ធ្ងន់លើស្មារតីនៃប្រធានបទសម្រាប់ឆ្នាំអាស៊ាន ២០២០ គឺ “ការផ្សាភ្ជាប់និងការបន្សំដោយម្ចាស់ការ” ដែលវៀតណាមបានជ្រើសរើសនោះ លោករដ្ឋមន្រ្តី Ngo Xuan Lich សង្ឃឹមថា ប្រទេសជាសមាជិកភាពនឹងបន្តរួមដៃគ្នា ដើម្បីពង្រឹងយន្តការសហប្រតិបត្តិការការពារជាតិ-យោធា កសាងសហគមន៍អាស៊ានមួយដែលមានភាពស្អិតរមួត និងមានលទ្ធភាពសម្របខ្លួនយ៉ាងសកម្មទៅនឹងឥទ្ធិពលខាងក្រៅ។

មុននេះ នាថ្ងៃដដែល ពិធីបិទកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី ៦ (ADMM+) បានប្រារព្ធធ្វើឡើងក្រោមប្រធានបទ “សន្តិសុខប្រកបដោយចីរភាព”។ នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសបានផ្លាស់ប្តូរយោបល់ស្តីពីបញ្ហាប្រឈមសន្តិសុខតាមសមុទ្រ ក្នុងនោះមានទាំងសមុទ្រខាងកើត ព្រមទាំងបញ្ជាក់ពីសារសំខាន់នៃការថែរក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើតចំពោះសន្តិសុខតំបន់និងពិភពលោក​។ រដ្ឋមន្រ្តីជាច្រើនរូបបានសង្កត់ធ្ងន់លើភាពចាំបាច់ដើម្បីគោរពច្បាប់អន្តរជាតិរួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២) និងមានបំណងបង្កើតក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែង។

ឧត្តមសេនីយ៍ត្រី លោក Vu Tien Trong ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិទទួលបន្ទុកអំពីការពារជាតិ និងប្រធានក្រុមធ្វើការនៃ ADMM និង ADMM + បានអោយដឹងថា៖“នេះគឺជាបញ្ហាមួយដែលបណ្តាប្រទេសអាស៊ាននិងបណ្តាប្រទេសដែលចូលរួមក្នុង ADMM + ចាប់អារម្មណ៍យ៉ាងខ្លាំង។ អ្នកទាំងអស់បានចាត់ទុកថា អ្វីៗដែលបានកើតឡើងនៅសមុទ្រខាងកើតនាពេលកន្លងមកនេះគឺដោយសារតែអាកប្បកិរិយាមិនដើរទន្ទឹមជាមួយគ្នារវាងពាក្យសម្តីនិងសកម្មភាព ហើយវាដើរហួសពីការប្តេជ្ញាចិត្តអន្តរជាតិដូចជា DOC ហើយមានការប្រតិបត្តិដោយមិងគោរពតាមផលប្រយោជន៍ស្របច្បាប់របស់ប្រទេសតូចនិងមធ្យម។ ហេតុដូច្នេះ វាបានបង្កើត​ការព្រួយបារម្ភសម្រាប់ បណ្តាប្រទេសក្នុងតំបន់ រួមទាំងប្រទេសដែលគ្មានការប្រកាសអធិបតេយ្យភាពនៅសមុទ្រខាងកើតតែម្តង”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top