ព័ត៌មាន

វៀតណាមត្រៀមខ្លួនរួចជាស្រេចក្នុងការជំរុញកិច្ចសហប្រតិបត្តិការស៊ីជម្រៅថែមទៀតជាមួយសហរដ្ឋអាមេរិក

នារសៀលថ្ងៃទី ៩ ខែមករា នៅទីស្នាក់ការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម លោក ម៉ាកណាបភើរ ក្នុងឱកាសលោកមកជម្រាបលា បញ្ចប់បេសកកម្មការទូតនៅវៀតណាម។

លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញទទួលជួបលោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម (រូបថត៖ VNA)

ក្នុងជំនួបនេះ អគ្គលេខាបក្ស លោក តូ ឡឹម បានស្វាគមន៍ចំពោះសមិទ្ធផលលេចធ្លោរបស់ប្រទេសទាំងពីរក្នុងបណ្តាវិស័យ  ពីនយោបាយ ការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្ម ការពារជាតិ និងសន្តិសុខ ការជំនះផលវិបាកនៃសង្គ្រាម វិទ្យាសាស្ត្រ បច្ចេកវិទ្យា។ល។ លោកសង្កត់ធ្ងន់ថា វៀតណាមត្រៀមខ្លួនរួចជាស្រេចក្នុងការជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយសហរដ្ឋអាមេរិក រួមទាំងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទៅវិញទៅមក យុត្តិធម៌ និងមានតុល្យភាព។ លោកអគ្គលេខាបក្សបានបញ្ជាក់ថា វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយសហរដ្ឋ អាមេរិក ហើយចង់បន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលសហរដ្ឋអាមេរិក សំដៅធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី ដោយឈរលើការគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងប្រព័ន្ធនយោបាយរបស់គ្នាទៅវិញទៅមក រួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់និងពិភពលោក។

ក្នុងឱកាសនេះ អគ្គលេខាបក្ស លោក តូ ឡឹម បានចែករំលែកជាមួយលោកឯកអគ្គរដ្ឋទូត ណាបភើរ អំពីសមិទ្ធផលលេចធ្លោមួយចំនួនដែល វៀតណាមសម្រេចបានចាប់តាំងពីមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម ហើយបានបញ្ជាក់ថា មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមនាពេលខាងមុខ នឹងសម្គាល់ដំណាក់កាលថ្មីនៃការអភិវឌ្ឍ ដើម្បីសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ និងវិបុលភាព។

ទាក់ទងនឹងបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ទៅវិញទៅមក អគ្គលេខាបក្ស លោក តូ ឡឹម បានសង្កត់ធ្ងន់លើតម្រូវការក្នុងការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ; ដោះស្រាយជម្លោះដោយសន្តិវិធី និងមធ្យោបាយសន្តិភាពផ្សេងទៀត។ ទាក់ ទងនឹងស្ថានភាពក្នុងតំបន់ លោកអគ្គលេខាបក្សបានស្នើឱ្យសហរដ្ឋ អាមេរិកបន្តគាំទ្រដល់ការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅក្នុងតំបន់ស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS ១៩៨២)។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត ម៉ាក ណាបភើរ បានអបអរសាទរចំពោះសមិទ្ធផលលេចធ្លោដែលវៀតណាមសម្រេចបាន  ក្នុងនោះសេដ្ឋកិច្ចរក្សាបានណើនប្រកបដោយស្ថិរភាព ជីរភាពរស់នៅរបស់ប្រជាជនត្រូវបានកែលម្អ ឋានៈ និងកិត្យានុភាពអន្តរជាតិត្រូវបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ទោះបីជាស្ថិតក្នុងតំណែងណាក៏ដោយ លោកនឹងខិតខំពូនជ្រុំឲ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍៕


top