ព័ត៌មាន

វៀតណាមត្រៀមខ្លួនយ៉ាងល្អដើម្បីទទួលស្វាគមន៍ក្រុមអធិការកិច្ច EU ក្នុងវិស័យវារីវប្បកម្ម

ក្រុមអធិការកិច្ចរបស់សហភាពអឺរ៉ុប (EU) នឹងមកកាន់ប្រទេសវៀតណាមចាប់ ពីថ្ងៃទី ២៤ ខែកញ្ញាដល់ថ្ងៃទី ១៧ ខែតុលា ដើម្បីត្រួតពិនិត្យវិស័យវារីវប្បកម្ម។

គេរំពឹងថា ក្រុមអធិការកិច្ច EU លើវិស័យវារីវប្បកម្មនឹងត្រួតពិនិត្យដើម្បីវាយតម្លៃ ប្រតិបត្តិការនៃកម្មវិធីត្រួតពិនិត្យបរិមាណសំណល់របស់វៀតណាមចំពោះផលិតផលដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់សហភាពអឺរ៉ុប ជាក់ស្ដែងគឺជលផលចិញ្ចឹម និងទឹកឃ្មុំ។ ទន្ទឹមនឹងនោះ ផ្ទៀងផ្ទាត់ទំនុកចិត្តអំពីការធានាឲ្យជលផលចិញ្ចឹមមិន ផ្ទុកសំណល់ ស្របតាមបទប្បញ្ញត្តិរបស់សហភាពអឺរ៉ុប។ លោកស្រី Nguyen Thi Bang Tam នាយកដ្ឋានជលផល ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា៖
“ទោះបីធ្វើអធិការឬអត់ យើងនៅតែធ្វើការងាររបស់យើងឲ្យបានល្អ។ ពីខ្សែសង្វាក់ផលិតកម្មពីកសិដ្ឋានទៅតុអាហារ ការធ្វើវារីវប្បកម្ម ការប្រមូលផល ការដឹកជញ្ជូន ការកែច្នៃ និងការប្រើប្រាស់។ ក្នុងដំណាក់កាលចិញ្ចឹម  មានការគ្រប់គ្រងកូនពូជ ប្រភពទឹក ការបំពុល និងថ្នាំអង់ទីប៊ីយោទិចនឹងមានភ្នាក់ងារចំនួនពីរចូលរួមក្នុងការគ្រប់គ្រង។ ទីមួយគឺនាយកដ្ឋានជលផល ដែលគ្រប់គ្រងទឹក ចំណីអាហារ សារធាតុគីមី និងផលិតផលព្យាបាលបរិស្ថាន។ ចំណែកឯថ្នាំពេទ្យសត្វ ថ្នាំអង់ទីប៊ីយោទិច និង ជំងឺរាតត្បាតនឹងត្រូវបានគ្រប់គ្រងដោយនាយកដ្ឋានពេទ្យសត្វ។ លើសពីនេះ នាយក ដ្ឋានជលផលនឹងគ្រប់គ្រងចាប់ពីដំណាក់កាលរៀបចំស្រះចិញ្ចឹម បញ្ចេញកូនពូជ រហូតដល់ការប្រមូលផល ហើយការដឹកជញ្ជូនរហូតដល់ការប្រើប្រាស់ដោយនាយក ដ្ឋានគ្រប់គ្រងគុណភាព”។
គួរជម្រាបបន្ថែមទៀតថា ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ ការនាំចេញ ជលផលរបស់វៀតណាមសម្រេចបានជិត ៦,៣ ពាន់លានដុល្លារអាមេរិក កើនឡើង ៧,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ការនាំចេញបង្គារសម្រេចបានជាង២,៤ពាន់លានដុល្លារ ហើយត្រីត្រាសម្រេចបាន១,២ពាន់លានដុល្លារ៕

top