ព័ត៌មាន

វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការដើម្បីសម្រេចបាននូវអាទិភាពរបស់អាស៊ានក្នុងឆ្នាំ២០២៣

កាលពីថ្ងៃទី ៦ មីនា នៅទីក្រុងហ្សាកាតា ប្រទេស ឥណ្ឌូនេស៊ី លោកឯកអគ្គរដ្ឋទូត Vu Ho ប្រធានស្តីទី SOM វៀតណាម បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន (SOM) និងកិច្ចប្រជុំលើកទី ១៥ នៃក្រុមការងារក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACCWG) ស្តីពីការចូលជាសមាជិកអាស៊ានរបស់ទីម័រខាងកើត។
មន្ត្រីជាន់ខ្ពស់អាស៊ានអញ្ជើញចូលរួមកិច្ចប្រជុំ។ (រូបថត៖ ក្រសួងការបរទេស)
នៅក្នុងកិច្ចប្រជុំ SOM មន្ត្រីជាន់ខ្ពស់អាស៊ានបានឯកភាពលើទិសដៅនៃការអនុវត្តខ្លឹមសារអាទិភាពរបស់អាស៊ានក្នុងឆ្នាំ ២០២៣ រួមមាន៖ ការជំរុញកំណើននិងការស្តារឡើងវិញ; ការលើកកំពស់សមត្ថភាពនិងប្រសិទ្ធភាពស្ថាប័នរបស់អាស៊ាន; ការឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខមិនប្រពៃណី ជាពិសេសសន្តិសុខស្បៀងអាហារ សន្តិសុខថាមពល សន្តិសុខតាមអ៊ីនធឺណិត ឧក្រិដ្ឋកម្មឆ្លងដែន សុខាភិបាលប្រកបដោយភាពធន់ ស្ថិរភាពហិរញ្ញវត្ថុ-សេដ្ឋកិច្ច... អាស៊ានបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការរក្សាសាមគ្គីភាព ឯកភាព ការពង្រីកតួនាទីរបស់អាស៊ានក្នុងកិច្ចខិតខំប្រឹងប្រែងជួយឧបត្ថម្ភមីយ៉ាន់ម៉ា ក្នុងការស្វែងរកដំណោះស្រាយដែលអាចធ្វើទៅបាន និងប្រកបដោយចីរភាពចំពោះវិបត្តិបច្ចុប្បន្ន; ប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់អាស៊ាន លើបញ្ហាសមុទ្រខាងកើត ប្តេជ្ញាកសាងសមុទ្រខាងកើតទៅជាសមុទ្រនៃសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
ថ្លែងមតិក្នុងកិច្ចប្រជុំនានា លោកឯកអគ្គរដ្ឋទូត Vu Ho បានបញ្ជាក់នូវការគាំទ្រ និងស្មារតីត្រៀមខ្លួនជាស្រេចសហការរបស់វៀតណាម ដើម្បីសម្រេចបាននូវខ្លឹមសារអាទិភាពរបស់ប្រទេសប្រធានឥណ្ឌូនេស៊ីនិយាយដោយឡែក និងអាស៊ាននិយាយរួមក្នុងឆ្នាំ ២០២៣។ លោកឯកអគ្គរដ្ឋទូតក៏បានស្នើថា អាស៊ានចាំបាច់ត្រូវកសាងផែនការជាក់ស្តែងនិងសមស្រប ដើម្បីជួយគាំទ្រទីម័រខាងកើតត្រៀមរៀបចំយ៉ាងហ្មត់ចត់សម្រាប់ការចូលជាសមាជិកអាស៊ាន ព្រមទាំងបញ្ជាក់ថា វៀតណាមត្រៀមខ្លួនជាស្រេចសម្របសម្រួលជាមួយប្រទេសដទៃទៀត ដើម្បីជួយទីម័រខាងកើត លើកកំពស់សមត្ថភាព បំពេញកាតព្វកិច្ចរបស់សមាជិកអាស៊ាន។ ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ជាថ្មីម្ដងទៀតនូវជំហរជាគោលការណ៍របស់អាស៊ាន ជាពិសេសសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរពច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២); គាំទ្រចំពោះការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ហើយជំរុញការចរចាដើម្បីកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ផងដែរ៕

top