ព័ត៌មាន

វៀតណាមត្រៀមខ្លួនជាស្រេចរួមជាមួយចិន និងបណ្ដាប្រទេសជំរុញទំនាក់ទំនងពាណិជ្ជកម្មសេវាកម្មនិយាយរួម និងសេដ្ឋកិច្ចឌីជីថលនិយាយដោយឡែក

នាយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh បានអញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំកំពូលពាណិជ្ជកម្មសេវាកម្មពិភពលោកឆ្នាំ ២០២១ ដែលត្រូវបានក្រសួងពាណិជ្ជកម្មចិននិងរដ្ឋបាលទីក្រុងប៉េកាំងសហការរៀបចំឡើង តាមប្រព័ន្ធវីដេអូ។

លោកនាយករដ្ឋមន្ត្រីបាន វាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំ ដោយប្រធានបទ “ ឌីជីថលបើកអនាគត សេវាកម្មជំរុញការអភិវឌ្ឍ” ព្រមទាំងចាត់ទុកថា  ក្នុងបរិបទ ដែលបណ្ដាប្រទេសកំពុងរងផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ -១៩ ការប្រែប្រួលអាកាសធាតុ និងការធ្លាក់ចុះនៃប្រភពធនធាននោះ ការជំរុញខ្លាំងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យបច្ចេកវិទ្យាឌីជីថលនឹងក្លាយទៅជាកូនសោរដ៏សំខាន់ ដើម្បីជួយឧបត្ថម្ភបណ្ដាប្រទេសផ្លាស់ប្ដូរទម្រង់កំណើន អភិវឌ្ឍន៍ប្រកបដោយចីរភាព បរិយាប័ន្ន និងគ្រប់ជ្រុងជ្រោយ។

 

លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh (រូបថត៖ VGP)


លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថាក្នុងនាមជាខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍យ៉ាងស្វាហាប់នៅក្នុងតំបន់អាស៊ាន ដែលមានសក្តានុពលជាច្រើនសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលនោះ វៀតណាមត្រៀមខ្លួនជាស្រេចរួមជាមួយចិន និងបណ្ដាប្រទេសជំរុញទំនាក់ទំនងពាណិជ្ជកម្មសេវាកម្មនិយាយរួម និងសេដ្ឋកិច្ចឌីជីថលនិយាយដោយឡែកតាមទិសដៅបើកចំហ គោរពគ្នា សមភាព មានផលប្រយោជន៍ដូចគ្នា ដើម្បី រួមចំណែកដល់ការអភិវឌ្ឍរបស់ ប្រទេសនីមួយៗ និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់តំបន់និងពិភពលោក។ ក្នុងស្មារតីនេះ លោកនាយករដ្ឋមន្រ្តីបានលើកសំណើជាក់លាក់ចំនួន ៥ គឺ៖ “ ទីមួយ ប្រទេសនានាចាំបាច់ត្រូវទាញយកផលប្រយោជន៍ពីការផ្លាស់ប្តូរឌីជីថល ដើម្បីពន្លឿនការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ ។ ទីពីរគឺបង្កើនថែមទៀតនូវតួនាទីនៃកិច្ចព្រមព្រៀងអន្តរជាតិក្នុងកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាឌីជីថល និងសេដ្ឋកិច្ចឌីជីថល ដើម្បីសេដ្ឋកិច្ចឌីជីថលមានការអភិវឌ្ឍយ៉ាង ខ្លាំងក្លា តាមទិសដៅត្រឹមត្រូវ ដោយឈរលើការរួមបញ្ចូលគ្នានៃផលប្រយោជន៍រួមនៃសង្គមទាំងមូល។ ទីបី ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការ អប់រំនិងបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ហើយ រួមចំណែកជួយឧបត្ថម្ភពលករដើម្បីសម្របខ្លួនជាមួយបច្ចេកវិទ្យាឌីជីថលជាបណ្ដើរៗ។ ទីបួនគឺ លើកត្រដែតតួនាទីរបស់បច្ចេកវិទ្យាឌីជីថលក្នុងការសម្របសម្រួលពាណិជ្ជកម្មជាពិសេសគឺចរាចរណ៍ទំនិញតាមរយៈការដឹកជញ្ជូនពហុមធ្យោបាយ បង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាជន ធានាខ្សែសង្វាក់ផ្គត់ផ្គង់ឲ្យបានរលូន ក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩។ ទីប្រាំ គឺ បង្កើនពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែនដោយឈរលើមូលដ្ឋានសមភាព មានផលប្រយោជន៍ដូចគ្នា ហើយតាមនោះជួយជំរុញការនាំចេញផងដែរ”។

កិច្ចប្រជុំកំពូលពាណិជ្ជកម្មសេវាកម្មពិភពលោកឆ្នាំ ២០២១ មានការចូលរួមពីសំណាក់លោកអគ្គលេខាបក្ស ប្រធានរដ្ឋចិន Xi Jinping ថ្នាក់ដឹកនាំបណ្ដាប្រទេស និងអង្គការអន្តរជាតិនានា។ កិច្ចប្រជុំនេះគឺជាសកម្មភាពសំខាន់មួយក្នុងក្របខ័ណ្ឌនៃពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិន ឆ្នាំ ២០២១។ នេះគឺជាពិព័រណ៍អន្ដរជាតិខ្នាតធំបំផុតនៅលើពិភពលោកលើវិស័យពាណិជ្ជកម្មសេវាកម្មដោយមានការចូលរួមពីសំណាក់សហគ្រាសជាង ៧០០ អង្គភាពក្នុងនិងក្រៅប្រទេសចិនផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top