ព័ត៌មាន

វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយសហភាពអឺរ៉ុប

ក្នុងឱកាសដែលលោកស្រី Roberta Metsola ទើបតែជាប់ឆ្នោតកាន់តំណែងជាប្រធានសភាអឺរ៉ុប ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានផ្ញើលិខិតអបអរសាទរ។

លោកស្រី Roberta Metsola ថ្លែងនៅក្នុងកិច្ចប្រជុំក្នុងក្រុង Strasbourg ប្រទេសបារាំង កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ( រូបថត៖ AFP/TTXVN)

នៅក្នុងលិខិតនោះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានសម្តែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំងដែលបានដឹងថា លោកស្រី Roberta Metsola គឺជាប្រធានសភាអឺរ៉ុបដែលក្មេងជាងគេក្នុងប្រវត្តិសាស្ត្រនិងជាប្រធានសភាស្ត្រីដំបូងគេនៃសភាអឺរ៉ុបក្នុងរយៈពេល ២០ ឆ្នាំ កន្លងមកនេះ។ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយសហភាពអឺរ៉ុប ដែលជាដៃគូសំខាន់បំផុតក្នុងគោលនយោបាយការបរទេសនិងសមាហរណកម្មអន្តរជាតិរបស់វៀតណាម ក្នុងនោះ កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសភាអឺរ៉ុបគឺជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងទ្វេភាគី។ លោកប្រធានរដ្ឋសភាវៀតណាមជឿជាក់ថា ក្រោមការដឹកនាំនិងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់លោកស្រី Roberta Metsola រួមជាមួយនឹងការគាំទ្ររបស់សមាជិកសភាអឺរ៉ុប ទំនាក់ទំនងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម - EU នឹងត្រូវបានអភិវឌ្ឍន៍ឡើងដល់កម្ពស់ថ្មីមួយ កាន់តែទូលំទូលាយនិងប្រកបដោយប្រសិទ្ធភាព ដើម្បីផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជននៃភាគីទាំងពីរ។

ក្នុងឱកាសនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញលោកស្រី Roberta Metsola មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមក្នុងពេលវេលាសមស្រប ដើម្បីបន្តពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសភាអឺរ៉ុប និងទំនាក់ទំនងរវាងវៀតណាមនិងសហភាពអឺរ៉ុប ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម




top