ព័ត៌មាន

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការជាមួយហូឡង់ក្នុងវិស័យបម្រែបម្រួលអាកាសធាតុ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅប្រទេសហូឡង់ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោកស្រី Nguyen Minh Hang បានអញ្ជើញជួបធ្វើការជាមួយព្រះអង្គម្ចាស់ Jaime de Bourbon de Parme ឯកអគ្គរដ្ឋទូតហូឡង់ទទួលបន្ទុកបម្រែបម្រួលអាកាសធាតុ, លោក Steven Collet, ឧបការីរដ្ឋមន្ត្រីការបរទេស ទទួលបន្ទុកវេទិកាភាពជាដៃគូសម្រាប់កំណើនបៃតងនិងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព SDGs (វេទិកា P4G), លោកស្រី Meike van Ginneken ឯកអគ្គរដ្ឋទូតហូឡង់ ស្តីពីបញ្ហាធនធានទឹក។
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោកស្រី Nguyen Minh Hang បានអញ្ជើញជួបធ្វើការជាមួយព្រះអង្គម្ចាស់ Jaime de Bourbon de Parme ឯកអគ្គរដ្ឋទូតហូឡង់ទទួលបន្ទុកបម្រែបម្រួលអាកាសធាតុ។ រូបថត៖ TTXVN

ក្នុងជំនួបនេះ អនុរដ្ឋមន្ត្រីលោកស្រី Nguyen Minh Hang បានស្នើថា ហូឡង់បន្តជួយឧបត្ថម្ភវៀតណាមក្នុងការលើកកំពស់សមត្ថភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការព្យាករណ៍ ទប់ស្កាត់ទឹកជំនន់  និងការរអិលបាក់ដី ព្រមទាំងគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព អភិវឌ្ឍន៍បៃតង កសិកម្មឆ្លាតវៃ ការផ្លាស់ប្តូរថាមពល និងការផ្លាស់ប្តូរពណ៌បៃតង។ លោកស្រីអនុរដ្ឋមន្ត្រី Nguyen Minh Hang ក៏បានថ្លែងអំណរគុណដល់ប្រទេសហូឡង់ដែលជាដៃគូសំខាន់មួយក្នុងចំណោមដៃគូសំខាន់ទាំងបីនៃវេទិកា P4G ដែលបានគំាទ្រវៀតណាមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល P4G លើកទី៤ នៅឆ្នាំ២០២៥ ហើយទន្ទឹមនឹងនោះបានស្នើឱ្យហូឡង់បន្តគាំទ្រ និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវៀតណាមក្នុងដំណើរការរៀបចំសន្និសីទដ៏សំខាន់នេះ។

ព្រះអង្គម្ចាស់ Jaime de Bourbon de Parme បានផ្ញើសេចក្តីគោរព និងរំលែកទុក្ខដ៏ក្រៀមក្រំដល់ប្រទេសនិងប្រជាជនវៀតណាម ចំពោះការបាត់បង់ដ៏ធំដែលបណ្តាលមកពីព្យុះ Yagi នាពេលថ្មីៗនេះ។ ដៃគូហូឡង់បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យបម្រែបម្រួលអាកាសធាតុ។ ឧបការីរដ្ឋមន្ត្រីការបរទេស Steven Collet បានស្នើឲ្យ ភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗដូចជា បច្ចេកវិទ្យាខ្ពស់ បន្ទះឈីប semiconductor ថាមពលកកើតឡើងវិញ និងសម្រួលដល់ការផ្លាស់ប្តូរគណៈប្រតិភូធុរកិច្ចនៃប្រទេសទាំងពីរ៕


top