ព័ត៌មាន

វៀតណាមជាសហសម្របសម្រួលការរៀបចំសន្និសីទជាន់ខ្ពស់របស់អង្គការសហប្រជាជាតិឆ្នាំ ២០២៦

នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៧៩ លោក Philemon Yang បានតែងតាំងឯកអគ្គរដ្ឋទូត ប្រធានបេសកកម្មវៀតណាមប្រចាំនៅ UN លោក Dang Hoang Giang និងឯកអគ្គរដ្ឋទូត ប្រធានបេសកកម្មអ៊ីតាលីប្រចាំនៅ UN លោក Maurizio Massari ជាសហសម្របសម្រួលរៀបចំសន្និសីទជាន់ខ្ពស់របស់អង្គការសហប្រជាជាតិឆ្នាំ ២០២៦ ស្តីពីការត្រៀមខ្លួនឆ្លើយតបនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។
រូបថត៖ VOV-Washington

ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិជឿជាក់ថា ឯកអគ្គរដ្ឋទូត ទាំងពីរនឹងសម្របសម្រួលប្រកបដោយប្រសិទ្ធភាពជាមួយប្រទេសសមាជិកអង្គការសហប្រជាជាតិនិងជំរុញឲ្យសម្រេចបានការឯកភាពគ្នាក្នុងការរៀបចំ សន្និសីទនេះ ក៏ដូចជាជំរុញការអនុវត្តការសន្យាអន្តរជាតិស្តីពីសុខាភិបាល និងសុខភាព រួមទាំងឯកសារស្តីពីជំនាន់ក្រោយផងដែរ។

នេះជាលើកទីមួយហើយ ដែលវៀតណាមត្រូវបានតែងតាំងជាសហសម្របសម្រួលរៀបចំសន្និសីទអង្គការសហប្រជាជាតិដ៏ធំមួយ។ ប្រការនេះបានបញ្ជាក់ថា ប្រធានមហាសន្និបាតនិងសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះ កិត្យានុភាព តួនាទី និងការរួមចំណែកជាវិជ្ជមានរបស់វៀតណាមក្នុងការងាររួមរបស់អង្គការពហុភាគីដ៏ធំបំផុតនៅលើពិភពលោក ដើម្បីដោះស្រាយបញ្ហា សកល រួមទាំងការបង្កាប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផងដែរ។

នាពេលកន្លងទៅ វៀតណាមតែងតែសកម្មដើរជួរមុខក្នុងការចូលរួមចំណែក ពង្រឹងប្រព័ន្ធសុខាភិបាលសកល និងត្រៀមខ្លួនដើម្បីឆ្លើយតបនឹងជំងឺរាតត្បាត ជាពិសេសមានការផ្តួចផ្តើមគំនិតយកថ្ងៃទី ២៧ ខែធ្នូ ជារៀងរាល់ឆ្នាំ ជាទិវាអន្តរជាតិសម្រាប់ត្រៀមឆ្លើយតបនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ហើយបានជំរុញការរៀបចំសន្និសីទជាន់ខ្ពស់របស់អង្គការសហប្រជាជាតិស្តីពីបញ្ហានេះ ជាលើកទីមួយនៅឆ្នាំ ២០២៣៕


top