ព័ត៌មាន

វៀតណាមជាសមាជិកសកម្ម និងមាន​ទំនួល​ខុសត្រូវនៃសហគមន៍អន្តរជាតិ

នាព្រឹកថ្ងៃទី ១៧ មេសា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Luong Cuong បានទទួលជួបលោកស្រី Amina Mohammed អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ក្នុងឱកាសដែលលោកស្រីមកបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃវេទិកាភាពជាដៃគូដើម្បីកំណើនបៃតងនិងគោលដៅសកលឆ្នាំ២០៣០ (P4G) លើកទី៤ នៅទីក្រុងហាណូយ។
ប្រធានរដ្ឋវៀតណាម លោក លឿង គឿង និងអគ្គលេខាធិការរងអង្គការសហប្រជាជាតិ លោកស្រី Amina Mohammed ។ រូបថត៖ VOV

ដោយអះអាងពីការគាំទ្រយ៉ាងខ្លាំងចំពោះពហុភាគីនិយម ជាមួយអង្គការសហប្រជាជាតិដើរតួនាទីស្នូល លោកប្រធានរដ្ឋបានលើកច្បាស់ថា វៀតណាមមានស្ថិរភាព ប្រកាន់ខ្ចាប់នូវគោលនយោបាយកិច្ចការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម និងពិពិធកម្ម; ជាសមាជិកសកម្មនិងមានទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិក្នុងការដោះស្រាយបញ្ហាសកល។ ចែករំលែកទស្សនៈវិស័យអភិវឌ្ឍន៍ជាតិក្នុងដំណាក់កាលថ្មី លោកប្រធានរដ្ឋបានស្នើឲ្យ អង្គការសហប្រជាជាតិបន្តគាំទ្រវៀតណាមលើវិស័យអាទិភាពមួយចំនួន រួមមានការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ការកសាងរដ្ឋនីតិរដ្ឋ ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងបញ្ហាប្រឈមសកល។ល។

ប្រធានរដ្ឋវៀតណាម លោក លឿង គឿង និងអគ្គលេខាធិការរងអង្គការសហប្រជាជាតិ លោកស្រី Amina Mohammed ថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិភូ។ រូបថត៖ VOV

រីឯខ្លួនវិញ លោកស្រី Amina Mohammed បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួមចំណែករបស់វៀតណាមក្នុងសកម្មភាពរបស់អង្គការសហប្រជាជាតិ ហើយមានបំណងចង់ចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ប្រកបដោយជោគជ័យរបស់វៀតណាមជាមួយដៃគូរបស់អង្គការសហប្រជាជាតិ។

ក្នុងឱកាសនេះ ភាគីទាំងពីរបានពិភាក្សាអំពីទិសដៅសម្រាប់ទំនាក់ទំនងវៀតណាម-អង្គការសហប្រជាជាតិនាពេលខាងមុខ ក្នុងនោះ រួមទាំងកំណើនបៃតង ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ការច្នៃប្រឌិតនវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល ក៏ដូចជាការបង្កើនការចូលរួមរបស់យុវជននិងស្ត្រីទៅក្នុងដំណើរការទាំងនេះ៕


top