ព័ត៌មាន

វៀតណាមចូលរួមចំណែកយ៉ាងសកម្មដល់ជោគជ័យរួមនៃកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធ

នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៧ (EAS) នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងថ្នាក់ដឹកនាំនៃបណ្តាប្រទេស បានអញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី ៤១ និងកិច្ចប្រជុំកំពូលអាស៊ានពាក់ព័ន្ធផ្សេងៗទៀត និងពិធីផ្ទេរដំណែងអាស៊ានពីកម្ពុជាទៅឥណ្ឌូនេស៊ី។
   នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ក្នុងសម័យប្រជុំ។ (រូបថត៖ VNA)
 
នៅក្នុងសុន្ទរកថា ក្នុងនាមជាប្រធានប្តូរវេននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅឆ្នាំ ២០២៣ ប្រធានាធិបតីឥណ្ឌូនេស៊ីបានប្រកាសថា ប្រធានបទសម្រាប់អាស៊ានឆ្នាំ ២០២៣ គឺ "ASEAN Matters: The Epicentrum of Growth"  និងបានចែករំលែកនូវអាទិភាពមួយចំនួនដែលឥណ្ឌូនេស៊ីនឹងជំរុញនៅឆ្នាំ ២០២៣ ទាក់ទងនឹងការកសាងសហគមន៍អាស៊ាន ការលើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាពប្រតិបត្តិការរបស់អាស៊ាន និងទំនាក់ទំនងរវាងអាស៊ាន និងដៃគូរបស់ខ្លួន ពង្រឹងសាមគ្គីភាព និងការលើកកម្ពស់តួនាទី និងឋានៈរបស់អាស៊ាននៅក្នុងតំបន់និងលើពិភពលោក។

កិច្ចប្រជុំកំពូលបានបិទបន្ទាប់ពីរយៈពេល ៤ ថ្ងៃធ្វើការ។ គណៈប្រតិភូវៀតណាមដឹកនាំដោយនាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានរួមចំណែកយ៉ាងសកម្មនិងមានប្រសិទ្ធភាពចំពោះរាល់សកម្មភាព រួមចំណែកដល់ជោគជ័យជារួមនៃកិច្ចប្រជុំ បង្ហាញយ៉ាងខ្ជាប់ខ្ជួននូវការគាំទ្ររបស់វៀតណាមចំពោះប្រធានអាស៊ានឆ្នាំ ២០២២ របស់កម្ពុជា ព្រមទាំងជំរុញយ៉ាងសកម្មនូវស្មារតីម្ចាស់ការ និងការទទួលខុសត្រូវចំពោះការងាររួមរបស់អាស៊ាន។

នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងគណៈប្រតិភូវៀតណាមបានចាកចេញពីទីក្រុងភ្នំពេញ វិលត្រឡប់មកមាតុប្រទេសវិញ បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា និងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ ទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ៕


top