ព័ត៌មាន

វៀតណាមចាប់ផ្តើមអាណត្តិជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិ UN Women

នាថ្ងៃទី១០ ខែកុម្ភៈ នៅទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិបានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាប្រតិបត្តិនៃទីភ្នាក់ងារអង្គការ សហប្រជាជាតិសម្រាប់សមភាពយេនឌ័រនិងផ្តល់សិទ្ធិដល់ស្ត្រី (UN Women) ជាមួយតួនាទីជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិសម្រាប់អាណត្តិ ២០២៥-២០២៧។

នេះគឺជាកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាប្រតិបត្តិ UN Women ក្នុងឆ្នាំ ២០២៥ ដើម្បីពិភាក្សាអំពីការលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការ និងទិសដៅកសាងផែនការយុទ្ធសាស្រ្តក្នុងដំណាក់កាល ២០២៦-២០២៩ ។

ឯកអគ្គរដ្ឋទូត Dang Hoang Giang ថ្លែងមតិនៅសម័យប្រជុំ។ រូបថត៖ VNA

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូត Dang Hoang Giang បានចែករំលែក និងលើកឡើងពីការខិតខំប្រឹងប្រែង និងលទ្ធផលវិជ្ជមានដែលវៀតណាមសម្រេចបានក្នុងការធានាសមភាពយេនឌ័រ ជាពិសេសអត្រាខ្ពស់នៃសមាជិករដ្ឋសភាស្ត្រី អ្នកវិទ្យាសាស្ត្រស្ត្រី ហើយនឹងមានយុទ្ធសាស្ត្រជាតិស្តីពីសមភាពយេនឌ័រ ដំណាក់កាល ២០២០-២០៣១ ក្នុងពេលឆាប់ៗ។ វៀតណាមអះអាងពីការត្រៀមខ្លួនសម្រាប់កិច្ចសហប្រតិបត្តិការជាមួយ UN Women និងសមាជិកក្រុមប្រឹក្សាប្រតិបត្តិដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិក្នុងការជំរុញសមភាពយេនឌ័រ និងពន្លឿនការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ដើម្បីមិនទុកចោលនរណាម្នាក់នៅពីក្រោយឡើយ។

ក្រុមប្រឹក្សាប្រតិបត្តិ UN Women មានប្រទេសសមាជិកចំនួន ៤១ ដែលត្រូវបានជ្រើសរើសដោយផ្អែកលើទីតាំងភូមិសាស្ត្រ។ នេះគឺជាស្ថាប័នដែលទទួលខុសត្រូវក្នុងការត្រួតពិនិត្យនិងតម្រង់ទិសសកម្មភាពរបស់អង្គការនេះ។ ក្រុមប្រឹក្សាប្រតិបត្តិ UN Women ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញគោលនយោបាយ និងកម្មវិធីដើម្បីសម្រេចបានសមភាពយេនឌ័រ ផ្តល់សិទ្ធិដល់ស្ត្រីនិងកុមារីទូទាំងពិភពលោក និងគាំទ្រដល់ប្រទេសជាសមាជិកក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាក់ទងនឹងយេនឌ័រ។ វៀតណាមត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិ UN Women សម្រាប់អាណត្តិ ២០២៥-២០២៧ ហើយបានចូលកាន់តំណែងជាផ្លូវការចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥៕


top