ព័ត៌មាន

វៀតណាមចាត់ទុកបារាំងជាដៃគូដ៏សំខាន់បំផុតក្នុងគោលនយោបាយការបរទេសរបស់វៀតណាម

នាល្ងាចនេះ (ថ្ងៃទី៨ ខែធ្នូ) នៅទីក្រុងហាណូយ ថ្លែងក្នុងជំនួបជាមួយប្រធានព្រឹទ្ធសភាបារាំង លោក Gerard Larcher ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមតែងតែចាត់ទុកបារាំងជាដៃគូសំខាន់ និងឈានមុខគេក្នុង គោលនយោបាយការបរទេសរបស់វៀតណាម។
  ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ទទួលជួបជាមួយប្រធានព្រឹទ្ធសភាបារាំង Gérard Larcher ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម (រូបថត៖ An Dang/TTXVN)  

លោកប្រធានរដ្ឋសង្ឃឹមថា បារាំងនឹងបន្តជួយឧបត្ថម្ភវៀតណាមក្នុងការជួសជួល បេតិកភ័ណ្ឌទីក្រុងបុរាណ Hue។ លោកប្រធានរដ្ឋបានស្នើឱ្យព្រឹទ្ធសភាបារាំងបន្តគាំទ្រទស្សនៈរបស់វៀតណាម និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អំពីបញ្ហាសមុទ្រខាងកើត ធានាសេរីភាព សន្តិសុខ និងសុវត្ថិភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍ រក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត ក៏ដូចជា ដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ បច្ចុប្បន្ននេះ សហគមន៍ ជនវៀតណាមនៅបារាំងមានប្រហែល ៣០០.០០០ នាក់ ប្រធានរដ្ឋ លោកNguyen Xuan Phuc មានបំណងថា បារាំងនឹងបន្តជួយសហគមន៍វៀតណាមនៅបារាំង ដើម្បីលើកកំពស់តួនាទីជាស្ពានតភ្ជាប់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

រីឯខ្លួនវិញ ប្រធានព្រឹទ្ធសភា លោក Gerard Larcher បានវាយតម្លៃខ្ពស់ចំពោះ វៀតណាមក្នុងបរិបទបច្ចុប្បន្ន ដោយបានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងលើឆាកអន្តរជាតិ។ ប្រធានព្រឹទ្ធសភាបានសង្កត់ធ្ងន់ថា បារាំងមានបំណងចង់រួមចំណែកដល់សន្តិភាព និងស្ថិរភាព  ហើយបារាំងតែងតែគាំទ្រសេរីភាព អាកាសចរណ៍ និងនាវាចរណ៍នៅតំបន់សមុទ្រខាងកើត៕


top