ព័ត៌មាន

វៀតណាមគាំទ្ររាល់ដំណោះស្រាយយ៉ាងខ្លាំងក្លា និងប្រកបដោយការទទួលខុសត្រូវអំពីមីយ៉ាន់ម៉ា

តំណាងវៀតណាមបានអំពាវនាវដល់ក្រុមប្រឹក្សារដ្ឋបាលជាតិមីយ៉ាន់ម៉ា (SAC) បន្តកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ដើម្បីអនុវត្តន៍កិច្ចព្រមព្រៀង ៥ ចំណុចទាំងស្រុងរបស់អាស៊ាន។
  អគ្គទីប្រឹក្សា និងជាអនុប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Le Thi Minh Thoa  

មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី ១៣ មិថុនា បានបើកសម័យប្រជុំជាប្រចាំ ដើម្បីផ្ទៀងស្ដាប់បេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកមីយ៉ាន់ម៉ា លោកស្រី Noeleen Heyzer រាយការណ៍អំពីស្ថានការណ៍នៅមីយ៉ាន់ម៉ា ក្នុងនោះមានស្ថានការន៍នៅរដ្ឋរ៉ាឃីន។

អញ្ជើញថ្លែងមតិក្នុងសម័យប្រជុំនេះ អគ្គទីប្រឹក្សា និងជាអនុប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Le Thi Minh Thoa បានចែករំលែកក្ដីព្រួយបារម្ភរួមអំពីស្ថានការនៅមីយ៉ាន់ម៉ា ហើយបានសង្កត់ធ្ងន់ថា ដំណោះស្រាយគ្រប់ជ្រុងជ្រោយ និងប្រកបដោយនិរន្តរភាពត្រូវបានមីយ៉ាន់ម៉ាសម្រេចដោយខ្លួនឯង ហើយតម្រូវឲ្យមានការសន្យាយ៉ាងខ្លាំងក្លា ប្រកបដោយប្រសិទ្ធភាព និងការខិតខំប្រឹងប្រែងកសាងរបស់ភាគីទាំងអស់នៅមីយ៉ាន់ម៉ា ដោយឈរលើមូលដ្ឋាននៃទំនុកទុកចិត្ត និងការគោរពគ្នាទៅវិញទៅមក។ តំណាងវៀតណាមបានអះអាងថា នាបច្ចុប្បន្ន អាទិភាពជួរមុខគឺធានាសុវត្ថិភាព និងសន្តិសុខសម្រាប់មនុស្សគ្រប់រូបនៅមីយ៉ាន់ម៉ា ព្រមទាំងដាស់តឿនដល់ភាគីពាក់ព័ន្ធនានានៅមីយ៉ាន់ម៉ាបញ្ឈប់អំពើហិង្សា ធានាសន្តិសុខ សុវត្ថិភាព ការទទួលបានជំនួយមនុស្សធម៌ សុខាភិបាល និងវ៉ាក់សាំងបង្ការជំងឺរាតត្បាតកូវីដ ១៩។ តំណាងវៀតណាមបានអំពាវនាវដល់ក្រុមប្រឹក្សារដ្ឋបាលជាតិមីយ៉ាន់ម៉ា (SAC) បន្តកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ដើម្បីអនុវត្តន៍កិច្ចព្រមព្រៀង ៥ ចំណុចទាំងស្រុងរបស់អាស៊ាន ហើយអនុវត្តន៍ការសន្ទនាប្រកបដោយអត្ថន័យរវាងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយសន្តិភាព គ្រប់ជ្រុងជ្រោយ និងសមស្របជាមួយឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជនមីយ៉ាន់ម៉ាផងដែរ៕


top