ព័ត៌មាន

វៀតណាមគាំទ្រយ៉ាងខ្លាំងចំពោះការតស៊ូដ៏សុចរិតរបស់ប្រជាជនប៉ាឡេស្ទីន

វៀតណាមអំពាវនាវដល់សមាជិកនៃសហគមន៍អន្តរជាតិដែលពាក់ព័ន្ធ ជាពិសេសក្រុម Quartet លើកកំពស់តួនាទីរបស់ខ្លួនក្នុងការជំរុញដំណើរការសន្តិភាព ហើយទន្ទឹមនឹងនោះបន្តសកម្មភាពមនុស្សធម៌ជួយឧបត្ថម្ភប្រជាជនប៉ាឡេស្ទីនក្នុងបរិបទបច្ចុប្បន្ន។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីស្ថានភាពនៅមជ្ឈិមបូព៌ា (រូបថត៖ VOV)



នាថ្ងៃទី ២១ ខែធ្នូ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំជាប្រចាំស្តីពីស្ថានភាពនៅមជ្ឈិមបូព៌ា រួមទាំងបញ្ហាប៉ាឡេស្ទីន ព្រមទាំងបានអនុម័តដំណោះស្រាយមួយចំនួន ដើម្បីបន្តភារកិច្ចរបស់កងកម្លាំងសង្កេតការណ៍អង្គការសហប្រជាជាតិនៅខ្ពង់រាប Golan (UNDOF) និងបេសកកម្មត្រួតពិនិត្យយោធានៃសហភាពអាហ្វ្រិក (AMISOM)។

ថ្លែងនៅក្នុងកិច្ចប្រជុំស្តីពីស្ថានភាពមជ្ឈិមបូព៌ា រួមទាំងបញ្ហាប៉ាឡេស្ទីន ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានបេសកកម្ម វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភអំពីការបន្តកើនឡើងនៃអំពើហិង្សា ជាពិសេសនៅតំបន់ West Bank ដោយបាននិយាយថា អ៊ីស្រាអែលនិងប៉ាឡេស្ទីនគួរតែទទួលបានការការពារស្មើៗគ្នា ព្រមទាំងបានអំពាវ នាវឱ្យភាគីទាំងអស់ ជាពិសេសអាជ្ញាធរអ៊ីស្រាអែល ខិតខំប្រឹងប្រែងដើម្បីបញ្ចប់អំពើហិង្សា។

ទាក់ទិននឹងការអនុវត្តសេចក្តីសម្រេចចិត្តលេខ ២៣៣៤ (២០១៦) របស់ក្រុមប្រឹក្សាសន្តិសុខ ប្រធានបេសកកម្មវៀតណាមបានអំពាវនាវឱ្យអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ នូវសេចក្តីសម្រេចចិត្តនេះ ក៏ដូចជារាល់សេចក្តីសម្រេចចិត្តពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ បើមិនដូច្នោះទេ ស្ថានការណ៍នឹងបន្តកាន់តែអាក្រក់ទៅៗ។ វៀតណាមអំពាវនាវដល់សមាជិកនៃ សហគមន៍អន្តរជាតិដែលពាក់ព័ន្ធ ជាពិសេសក្រុម Quartet លើកកំពស់តួនាទីរបស់ខ្លួនក្នុងការជំរុញដំណើរការសន្តិភាព ហើយទន្ទឹមនឹងនោះបន្តសកម្មភាពមនុស្សធម៌ជួយឧបត្ថម្ភប្រជាជន ប៉ាឡេស្ទីនក្នុងបរិបទបច្ចុប្បន្ន។

ថ្លែងមតិក្នុងកិច្ចប្រជុំចុងក្រោយរបស់វៀតណាមក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខទទួលបន្ទុកបញ្ហាប៉ាឡេស្ទីន លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានអះអាងថា វៀតណាមនឹងបន្តគាំទ្រយ៉ាងខ្លាំងក្លាការតស៊ូដោយសុចរឹតរបស់ប្រជាជន ប៉ាឡេស្ទីននិងការបង្កើតរដ្ឋប៉ាឡេស្ទីនជាមួយ Jerusalem ខាងកើត ជារដ្ឋធានីរបស់ខ្លួន រួមរស់ជាមួយគ្នាដោយសន្តិភាពជាមួយរដ្ឋអ៊ីស្រាអែល។

នៅក្នុងកិច្ចប្រជុំ គណៈប្រតិភូមកពីប្រទេសជាច្រើនបានវាយតម្លៃខ្ពស់ និងអបអរសាទរ វៀតណាមចំពោះជោគជ័យរបស់វៀតណាមដែលបានរួមជាមួយសមាជិកដទៃទៀត នៃក្រុមប្រឹក្សាសន្តិសុខ នឹងបញ្ចប់អាណត្តិជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងឆ្នាំ ២០២១នេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top