ព័ត៌មាន

វៀតណាមគប្បីកែទម្រង់យ៉ាងប្តូរផ្តាច់ ដើម្បីទទួលបានផលប្រយោជន៍ពេញលេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម - EU

វៀតណាមគប្បីសុក្រិត្យក្របខ័ណ្ឌច្បាប់និងលើកកំពស់សមត្ថភាពក្នុងការអនុវត្តដើម្បីទទួលបានផលប្រយោជន៍ពេញលេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប - វៀតណាម (EVFTA) ។

នេះគឺជាអនុសាសន៍មួយដែលត្រូវបានធនាគារពិភពលោក (WB) លើកឡើងក្នុងរបាយការណ៍នាពេលថ្មីៗនេះ នាថ្ងៃទី ១៩ ឧសភាក្រោមចំណងជើងថា“ ការបង្កើនធ្វើសមាហរណកម្មអន្តរជាតិនិងការអនុវត្តកិច្ចព្រមព្រៀង EVFTA ។ យោងតាមរបាយការណ៍នេះ គេបានប៉ាន់ស្មានថាការទាញយកផលប្រយោជន៍ពីពន្ធអនុគ្រោះដែលត្រូវបានអនុវត្តតាមកិច្ចព្រមព្រៀង EVFTA អាចជួយឲ្យ GDP របស់ វៀតណាម កើនឡើង ២,៤% ហើយការនាំចេញកើនឡើង ១២% នៅឆ្នាំ ២០៣០ ព្រមទាំងមានមនុស្សចំនួន ១០០.០០០ - ៨០០.០០០ នាក់បន្ថែមទៀត នឹងរួចផុតពីភាពក្រីក្រនៅឆ្នាំ ២០៣០។ អត្ថប្រយោជន៍ទាំងនេះគឺចាំបាច់ដើម្បីរក្សាលទ្ធផលសេដ្ឋកិច្ចវិជ្ជមាន ខណៈដែលប្រទេសជាតិនេះកំពុងឆ្លើយតបនឹង ការរីករាលដាលនៃជំងឺ COVID-19 ផងដែរ។

របាយការណ៍បានអះអាងថាអត្ថប្រយោជន៍ពីការចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មជំនាន់ថ្មីដូចជា EVFTA និងកិច្ចព្រមព្រៀង CPTPP គឺកាន់តែច្រើនថែមទៀតប្រសិនបើវៀតណាមអនុវត្តរបៀបវារៈស្តីពីការធ្វើកំណែទម្រង់សេដ្ឋកិច្ចនិងនិតិវិធីគ្រប់ជ្រុងជ្រោយ សំដៅប្រកាន់ខ្ជាប់តាមបទប្បញ្ញត្តិដែលមិនពាក់ព័ន្ធនឹងពន្ធគយក្នុងកិច្ចព្រមព្រៀងទាំងនេះ។  លោក Ousmane Dione នាយកគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅវៀតណាមបានអះអាងថាប្រសិនបើធ្វើសកម្មភាពយ៉ាងប្តូផ្តាច់ ដើម្បីបង្រួញគម្លាតខាងសមត្ថភាពអនុវត្តនិងភាពស្របច្បាប់នោះ វៀតណាមអាចទាញយកប្រយោជន៍ជាអតិបរមានពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះដោយមានអត្ថប្រយោជន៍ផ្ទាល់ដែលប៉ាន់ស្មាននៅកំរិតធំដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


top