ព័ត៌មាន

វៀតណាមខិតខំប្រឹងប្រែងលុបបំបាត់កាតលឿងរបស់សហភាពអឺរ៉ុបសម្រាប់ជលផល

យោងតាមអគ្គនាយកដ្ឋានស្ថិតិ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមថា បញ្ចប់វគ្គត្រួតពិនិត្យនៅវៀតណាមចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២៤ឧសភាឆ្នាំ២០១៨នោះ គណៈកម្មា ធិការអឺរ៉ុប (EC) បានចាត់ទុកថា វៀត​ណាមគប្បីមានសកម្មភាពជាក់ស្តែងនិងខ្លាំងក្លាថែមទៀតក្នុងការប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍និងមិនប្រតិបត្តិតាមការកំណត់ (IUU)។

វៀតណាមខិតខំប្រឹងប្រែងលុបបំបាត់កាតលឿងរបស់សហភាពអឺរ៉ុបសម្រាប់ជលផល

អនុសាសន៍មួយក្នុងចំណោមអនុសាសន៍ដែល EU នាំចេញដែលវៀតណាមត្រូវផ្តល់អាទិភាពអនុវត្តន៍នាពេលខាងមុខគឺចាប់ពីថ្ងៃទី១ខែមករាឆ្នាំ២០១៩ ទូកនេសាទមានប្រវែងពី២៤ ម៉ែត្រឡើងទៅត្រូវបំពាក់ឧបករណ៍តាមដានដំណើរនេសាទបច្ចេកទេសផ្កាយរណប បង្កើនកិច្ចការត្រួតពិនិត្យនាវានេសាទតាមកំពង់ផែ តាមសមុទ្រនិងប្រើប្រាស់ទិន្នន័យឃ្លាំមើលដំណើរនេសាទតាមលក្ខណៈប្រព័ន្ធត្រឹមត្រូវ ដើម្បីធានាថា ផលិតផលនាំចេញទៅកាន់ទីផ្សារ EU ត្រូវមានប្រភពច្បាស់លាស់ មានលក្ខណៈស្របច្បាប់ផងដែរ។

ដើម្បីអនុវត្តន៍នូវអនុសាសន៍របស់គណៈកម្មាធិការអឺរ៉ុបសំដៅជំនះពុះពារលើកាត លឿងសម្រាប់ជលផល​វៀត​ណាម​ លោក Nguyen Hoai Nam អគ្គលេខាធិការសម្ព័ន្ធសមាគមជល ផលវៀតណាមបានឲ្យដឹងថា រហូតមកដល់ពេលនេះ មានសហគ្រាសជាង៦០ចំណុះសម្ព័ន្ធសមាគមបានសន្យាប្រឆំាងនិងការនេសាទមិនប្រតិបត្តិតាមការកំណត់ IUU។ លោក Nguyen Hoai Nam បន្តថា៖

“ពីសំណាក់សម្ព័ន្ធសមាគម សហគមសហគ្រាសមានបំណងថា នៅកម្រិតតំបន់ ធ្វើយ៉ាងម៉េចដើម្បីអនុវត្តន៍ឲ្យបានលឿនជាង។ ដំបូងឡើយគឺត្រូវប្រតិបត្តិល្អនូវច្បាប់ជាធរមាន ដូចជា ច្បាប់ជលផល សេចក្តីសម្រេចចិត្តនានា និងសារាចររបស់នាយករដ្ឋមន្ត្រី ដើម្បីបង្កើតឡើងគ្រឹះរឹងមាំឆ្ពោះទៅខែមករាឆ្នាំ២០១៩ ខណៈដែល EU បានចាត់បញ្ចូនគណៈប្រតិភូត្រឡប់មកត្រួតពិនិត្យឡើងវិញនិងវាយតម្លៃលើការខិតខំប្រឹងប្រែងរបស់​វៀត​ណាម​ ក្នុងការប្រឆាំងការនេសាទខុសច្បាប់ មិនរាយការណ៍និងមិនប្រតិបត្តិតាមការកំណត់ (IUU)” ។

ដើម្បីជំនះពុះពារនូវបញ្ហានៅសេសល់និងអនុវត្តន៍រាល់ខ្លឹមសារដែលក្រុមត្រួតពិនិត្យ EC នាំចេញក្នុងអំឡុងពេល​ត្រួតពិនិត្យកន្លងទៅនោះ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានស្នើរឲ្យក្រសួង ស្ថាប័ននានា រួមទាំងខេត្ត ក្រុងជាប់សមុទ្រ បង្កើនការគ្រប់គ្រងរបរនេសាទ បង្កើតការផ្លាស់ប្តូរថ្មីក្នុងប្រព័ន្ធគ្រប់គ្រងការនេសាទទាំងមូល ជាពិសេសគឺស្ថានភាពជាក់ស្តែងរបស់តំបន់នានា ដើម្បីឲ្យ EC ពិនិត្យការលុបចោល “កាតលឿង” សម្រាប់ជលផល នាពេលខាងមុខ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top