ព័ត៌មាន

វៀតណាម-ឥណ្ឌាដាក់ចេញគោលដៅនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់១៥ពាន់លានដុល្លាអាមេរិកក្នុងមួយឆ្នាំ

នាល្ងាចថ្ងៃទី២១ ខែធ្នូ ពីទីក្រុងហាណូយនិងទីក្រុងញូវដេលី នាយក រដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានអញ្ជើញជាសហអធិបតីនៅជំនួបពិភាក្សា ការងារជាន់ខ្ពស់វៀតណាម-ឥណ្ឌាតាមប្រព័ន្ធវីដេអូ។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc។ 

នៅក្នុងជំនួបនេះ នាយករដ្ឋមន្រ្តីទាំងពីររូបបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការផ្នែកការពារជាតិនិងសន្តិសុខគឺជាសសរស្តម្ភមួយនៃទំនាក់ទំនងទ្វេភាគី ហេតុដូច្នេះថ្នាក់ ដឹកនាំទាំងពីររូបបានឯកភាពបន្តពង្រឹងនិងពង្រីកយន្តការពិគ្រោះយោបល់ សន្ទនារវាងភាគីទាំងពីរ ពង្រីកកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ ការងារហ្វឹកហ្វឺននិងកិច្ចសហការនៅក្នុងសកម្មភាពរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ហើយជំរុញយ៉ាងខ្លាំងក្លានូវកិច្ចសហប្រតិបត្តិការឆ្លើយតបនឹងបញ្ហាប្រឈមសន្តិសុខទាំងប្រពៃណីនិងក្រៅប្រពៃណីទៀតផង។ ភាគីទាំងពីរបានឯកភាពថា នឹងខិតខំប្រឹងប្រែងសម្រេចយ៉ាងឆាប់ៗ នូវគោលដៅនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ចំនួន ១៥ ពាន់ លានដុល្លាអាមេរិកក្នុងមួយឆ្នាំ បង្កើនការគាំទ្រគ្នាទៅវិញទៅមកនិងកិច្ចសហការយ៉ាងស្អិតរមួត នៅវេទិកាអន្តរជាតិនិងតំបន់ ជាពិសេសគឺអង្គការសហប្រជាជាតិនៅពេលដែលប្រទេសទាំងពីរសុទ្ធតែជាសមាជិកក្រុមប្រឹក្សាសន្តិសុខក្នុងឆ្នាំ ២០២១ ក៏ដូចជានៅយន្តការផ្សេងៗទៀតដឹកនាំដោយអាស៊ាននិងក្នុងក្របខ័ណ្ឌសហប្រតិបត្តិការទន្លេមេគង្គ-ទន្លេគង្គារ ផងដែរ។
 

ទិដ្ឋភាពនៃជំនួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូរវាងនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ។
(រូបថត៖ VGP)


នាយករដ្ឋមន្រ្តីទាំងពីររូបក៏បានអះអាងនូវសារសំខាន់នៃការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពខាងនាវាចរណ៍និងអាកាសចរណ៍ ការដោះស្រាយជម្លោះ ដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហ ប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS)។ ភាគីទាំងពីរបានយល់ ព្រមគ្នាថា UNCLOS គឺជាក្របខ័ណ្ឌគតិយុត្តដែលប្រតិបត្តិសកម្មភាពទាំង អស់នៅលើសមុទ្រនិងមហាសាគរ ព្រមទាំងអំពាវនាវឲ្យ អនុវត្តយ៉ាងពេញ លេញនិងមានប្រសិទ្ធភាពនូវសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត ហើយឆាប់សម្រេចក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) យ៉ាងពិតប្រាកដ ប្រកបដោយប្រសិទ្ធភាព និងអនុលោមតាម ច្បាប់អន្តរជាតិ ជាពិសេសគឺ UNCLOS ផងដែរ។

បញ្ចប់ជំនួបពិភាក្សាការងារ នាយករដ្ឋមន្រ្តីទាំងពីរបានអនុម័តលើ “សេចក្ដីថ្លែងការណ៍ចក្ខុវិស័យរួមវៀតណាម-ឥណ្ឌាស្ដីពីសន្តិភាព វិបុល ភាពនិងប្រជាជន”។ ក្នុងឱកាសនេះដែរ បណ្ដាក្រសួង ស្ថាប័ននៃប្រទេស ទាំងពីរបានចុះហត្ថលេខាលើឯកសារនិងកម្មវិធីសហប្រតិបត្តិការជាច្រើនទៀតផង៕


top