|
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាមអញ្ជើញផ្តល់បទសម្ភាសន៍ដល់អ្នកយកព័ត៌មាន VOV5 (រូបថត៖ Duc Anh/VOV5)
|
តបតាមការអញ្ជើញរបស់អគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវលោក Thongloun Sisoulth ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែសីហា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់បក្សនិងរដ្ឋវៀតណាម នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការមិត្តភាពនៅប្រទេសឡាវ។
នេះគឺជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក Nguyen Xuan Phuc ក្នុងនាមជាប្រធានរដ្ឋ។ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសំឡេងវៀតណាម លោក Sengphet Houngboungnuang ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាមបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិ បត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ។ ទាក់ទងនឹងព្រឹត្តិការណ៍លេចធ្លោក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសឡាវរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc, ឯកអគ្គរដ្ឋទូត Sengphet Houngboungnuang មានប្រសាសន៍ ថា៖ “ក្នុងដំណើរទស្សនកិច្ចមិត្តភាពផ្លូវការនេះ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc នឹងជួបពិភាក្សាការងារជាមួយអគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ និងជួបប្រជុំជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្ស រដ្ឋាភិបាលនិងរដ្ឋសភាឡាវដើម្បីបន្តផ្លាស់ប្តូរនូវទស្សនៈនិងវិធានការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីសម្រេចបាននូវប្រសិទ្ធភាពជាក់ស្តែង តាមកិច្ចព្រមព្រៀងវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សនិងរដ្ឋនៃប្រទេសទាំងពីរ។ លើសពីនេះទៅទៀត ប្រធានរដ្ឋ លោក Nguyen Xuan Phuc នឹងអញ្ជើញចូលរួមក្នុងពិធីប្រគល់សំណង់អគាររដ្ឋសភាថ្មីរបស់ឡាវ ដែលជាអំណោយរបស់បក្សរដ្ឋនិងប្រជាជនវៀតណាមជូនដល់បក្សរដ្ឋនិងប្រជាជនឡាវ។ ទន្ទឹមជាមួយគ្នានោះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc នឹងអញ្ជើញថ្លែងសុន្ទរកថាក្នុងសម័យប្រជុំវិសាមញ្ញលើកទី ១ នៃរដ្ឋសភានីតិកាលទី ៩ របស់ឡាវផងដែរ”។
ឯកអគ្គរដ្ឋទូត Sengphet Houngboungnuang ក៏បានមានប្រសាសន៍ផងដែរថា ក្នុងដំណើរទស្សនកិច្ចនេះ ប្រទេសទាំងពីរនឹងចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ននិងអង្គភាពអាជីវកម្មមួយចំនួន៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម