ព័ត៌មាន

វៀតណាម ឡាវ ថៃ និងកម្ពុជា បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន

ក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាក្នុងការសម្របសម្រួលឱ្យបានល្អក្នុងការរៀបចំសម្រាប់ដំណើរទស្សនកិច្ចកម្រិតខ្ពស់។
  រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son ជួបជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន (រូបថត៖ Nguyen Hong)  
  រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son ជួបជាមួយឧបនាយករដ្ឋមន្ត្រីឡាវ លោក Saleumxay Kommasith (រូបថត៖ Nguyen Hong)  
  រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son ជួបជាមួយឧបនាយករដ្ឋមន្ត្រីថៃ លោក Don Pramudwinai (រូបថត៖ Nguyen Hong)  

នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៧ នៅទីក្រុង Bagan ប្រទេសមីយ៉ាន់ម៉ា រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន; ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសឡាវ លោក Saleumxay Kommasith: ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសថៃ Don Pramudwinai។

ក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាក្នុងការសម្របសម្រួលឱ្យបានល្អក្នុងការរៀបចំសម្រាប់ដំណើរទស្សនកិច្ចកម្រិតខ្ពស់; បន្តរក្សាទំនាក់ទំនងសហប្រតិបត្តិការល្អលើវិស័យនយោបាយ សន្តិសុខ ការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម-វិនិយោគ អប់រំ-បណ្តុះបណ្តាល...; បន្តសម្របសម្រួលក្នុងការរៀបចំសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ដែលនៅសេសសល់ក្នុងក្របខ័ណ្ឌ “ឆ្នាំមិត្តភាពវៀតណាម - កម្ពុជាឆ្នាំ ២០២២”។ រដ្ឋមន្ត្រីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់មួយចំនួនដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក។

ក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសឡាវ លោក Saleumxay Kommasith រដ្ឋមន្ត្រីការបរទេសទាំងពីរបានឯកភាពសម្របសម្រួលជាមួយក្រសួង ស្ថាប័ន និងវិស័យពាក់ព័ន្ធនៃប្រទេសទាំងពីរ ដើម្បីបម្រើឱ្យបានល្អនូវការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាពរាល់កិច្ចព្រមព្រៀងសហប្រតិបត្តិការ; បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ ពាណិជ្ជកម្ម និងវិនិយោគ...; សម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីរៀបចំសកម្មភាពអបអរសាទរខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូត និងខួបលើកទី ៤៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការវៀតណាម - ឡាវ ដែលក្នុងនោះ សកម្មភាពសំខាន់ៗគឺការប្រារព្ធពិធីអបអរសាទរ  នៅរដ្ឋធានីនៃប្រទេសទាំងពីរនៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២២។ រដ្ឋមន្ត្រីទាំងពីរបានឯកភាពបង្កើនការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ តំបន់ និងអនុតំបន់។

ក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ លោក Don Pramudwinai លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើភាគីទាំងពីរសម្របសម្រួលក្នុងការរៀបចំសកម្មភាពដើម្បីអបអរសាទរខួបលើកទី ១០ នៃការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រឆ្នាំ ២០២៣; ជំរុញកំណើនពាណិជ្ជកម្មក្នុងទិសដៅសមតុល្យ ផលប្រយោជន៍ទៅវិញទៅមក សម្រេចឲ្យបានឆាប់ៗ  គោលដៅពាណិជ្ជកម្មទ្វេភាគី ២៥ ពាន់លានដុល្លារ។ រដ្ឋមន្ត្រីការបរទេសទាំងពីរបានឯកភាពជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ចថ្នាក់ខ្ពស់ និងអនុវត្តន៍យន្តការសហប្រតិបត្តិការនាពេលខាងមុខ រួមទាំងកិច្ចប្រជុំពិគ្រោះយោបល់នយោបាយវៀតណាម-ថៃលើកទី៩ ហើយក្នុងពេលឆាប់ៗនេះ ស្តារជើងហោះហើរពាណិជ្ជកម្ម ក៏ដូចជាបើកផ្លូវហោះហើរថ្មី ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ រដ្ឋមន្ត្រីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់មួយចំនួនដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក៕


top