សិក្ខាសាលាពាណិជ្ជកម្មហាឡាលឆ្នាំ ២០២៦ ដែលមានប្រធានបទ "សិង្ហបុរី វៀតណាម និងលើសពីនេះ៖ ការកសាងខ្សែសង្វាក់តម្លៃហាឡាលរួមគ្នា" បានធ្វើឡើងនាថ្ងៃទី ២៧ ខែមិថុនា នៅប្រទេសសិង្ហបុរី។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសិង្ហបុរី លោក ត្រឹន ភឿកអាញ ថ្លែងសុន្ទរកថានៅក្នុងសិក្ខាសាលា (រូបថត៖ វៀតយុង - VNA)
ព្រឹត្តិការណ៍នេះ ដែលរៀបចំដោយការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំប្រទេសសិង្ហបុរី សហការជាមួយធនាគារ Maybank និង Dawn Horizon បានប្រមូលផ្តុំអ្នកតំណាងជាច្រើនមកពីភ្នាក់ងារនិយតកម្ម ស្ថាប័នបញ្ជាក់ ស្ថាប័នហិរញ្ញវត្ថុ និងអាជីវកម្មនៅក្នុងតំបន់។
ថ្លែងមតិក្នុងពិធិបើក ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសសិង្ហបុរី លោក ត្រឹន ភឿក អាញបានថ្លែងថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងវៀតណាមនិងសិង្ហបុរីកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំង ដោយពាណិជ្ជកម្មទ្វេភាគីឈានដល់ជិត ៤០ ពាន់លានដុល្លារសិង្ហបុរី (ប្រហែល ៣០,៩ ពាន់លានដុល្លារអាមេរិក) ក្នុងឆ្នាំ ២០២៥ ខណៈដែលសិង្ហបុរីនៅតែជាវិនិយោគិនផ្ទាល់ពីបរទេសធំជាងគេនៅវៀតណាម។ យោងតាមលោកឯកអគ្គរដ្ឋទូត សេដ្ឋកិច្ចហាឡាលកំពុងបើកឱកាសថ្មីមួយសម្រាប់កិច្ចសហប្រតិបត្តិការ ដែលរួមចំណែកដល់ការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ
យោងតាមឯកអគ្គរដ្ឋទូត លោក ត្រឹន ភឿក អាញ់ វៀតណាមកំណត់ការអភិវឌ្ឍឧស្សាហកម្មហាឡាលជាឱកាសយុទ្ធសាស្ត្រដើម្បីធ្វើពិពិធកម្មទីផ្សារនាំចេញ និងបង្កើនភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់។ ដោយសំដៅទៅលើសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លោក ត្រឹន ភឿក អាញ់ បានមានប្រសាសន៍ថា វៀតណាមមានចំណុចខ្លាំងក្នុងវិស័យកសិកម្ម នេសាទ កែច្នៃចំណីអាហារនិងផលិតកម្ម ខណៈដែលប្រទេសសិង្ហបុរីមានគុណសម្បត្តិក្នុងវិស័យហិរញ្ញវត្ថុ ភស្តុភារកម្ម នវានុវត្តន៍ និងប្រព័ន្ធវិញ្ញាបនបត្រអន្តរជាតិ។ ការរួមបញ្ចូលគ្នានូវគុណសម្បត្តិទាំងនេះនឹងរួមចំណែកដល់ការបង្កើតខ្សែសង្វាក់តម្លៃហាឡាលក្នុងតំបន់ដែលមានការប្រកួតប្រជែង ដោយភ្ជាប់អ្នកផលិតនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជាមួយទីផ្សារពិភពលោក។
សិក្ខាសាលានេះមិនត្រឹមតែបើកឱកាសសម្រាប់ការបង្កើតបណ្តាញទំនាក់ទំនងរវាងអាជីវកម្មវៀតណាម និងសិង្ហបុរីប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការទូទាំងអាស៊ាន ដើម្បីកសាងខ្សែសង្វាក់តម្លៃហាឡាលប្រកបដោយចីរភាពផងដែរ៕