ព័ត៌មាន

វៀតណាម-ម៉ាឡេស៊ី៖ រយៈពេល ៥០ ឆ្នាំ នៃកិច្ចសហប្រតិបត្តិការ

ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ គឺជាខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងម៉ាឡេស៊ី (៣០ មីនា ១៩៧៣ ៣០ មីនា ២០២៣)។ រយៈពេលកន្លះសតវត្សរិ៍បានកន្លងផុតទៅហើយ វៀតណាម និងម៉ាឡេស៊ីមិនត្រឹមតែជាដៃគូទ្វេភាគីដ៏ជិតស្និទ្ធប៉ុណ្ណោះទេ ថែមទាំងជាដៃគូពហុភាគីសកម្មក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងវេទិកាអន្តរជាតិផ្សេងទៀត ដែលមានគោលដៅរួមក្នុងការដោះស្រាយរាល់បញ្ហាសាកល្បងក្នុងតំបន់ និងពិភពលោកផងដែរ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Sri Ismail Sabri bin Yaakob។ រូបថត៖ VGP/Nhat Bac

សមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលេចធ្លោ

វៀតណាម និងម៉ាឡេស៊ីសុទ្ធតែគោរពទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី។ ក្នុងឆ្នាំ២០១៥ ប្រទេសទាំងពីរបានដំឡើងកម្រិតទំនាក់ទំនងសហប្រតិបត្តិការជាភាពជាដៃគូយុទ្ធសាស្ត្រ។ នាបច្ចុប្បន្ន វៀតណាម និងម៉ាឡេស៊ីបានអនុម័តលើផែនការសកម្មភាពចំនួន ២ សំដៅអនុវត្តន៍ទំនាក់ទំនងភាពជាដៃគូនេះ។ ផែនការសកម្មភាពដំបូងសម្រាប់ដំណាក់កាល ២០១៧-២០១៩ ត្រូវបានអនុវត្តន៍ប្រកបដោយជោគជ័យ នាំមកនូវកិច្ចសហប្រតិបត្តិការយ៉ាងខ្លាំងក្លា ហើយមានផលប្រយោជន៍ដូចគ្នាលើគ្រប់វិស័យ។ ផែនការសកម្មភាពទី ២ សម្រាប់ដំណាក់កាល ២០២១ - ២០២៥ កំពុងត្រូវបានអនុវត្តន៍ជាមួយនឹងខ្លឹមសារសហប្រតិបត្តិការថ្មីជាច្រើន ជាពិសេសគឺលើវិស័យសេដ្ឋកិច្ច។

នាបច្ចុប្បន្ន ម៉ាឡេស៊ីគឺជាវិនិយោគិនបរទេសធំទី ១០ នៅវៀតណាម ជាមួយនឹងគម្រោងជាង ៧០០ ដែលមានទុនវិនិយោគជាង ១៣ ពាន់លានដុល្លារអាមេរិក។ តម្រូវការសហប្រតិបត្តិការ និងតភ្ជាប់នៃខឿនសេដ្ឋកិច្ចទាំងពីរកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។ ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅវៀតណាម លោក Dato Tan Yang Thai បានមានប្រសាសន៍ថា៖

វៀតណាមបន្តជាគោលដៅមួយ ក្នុងចំណោមគោលដៅដ៏ទាក់ទាញបំផុតសម្រាប់វិនិយោគិនបរទេស ជាពិសេសគឺវិនិយោគិនម៉ាឡេស៊ី។ ដោយមានខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា បរិមាណទុនវិនិយោគផ្ទាល់ពីបរទេសបានហូរចូលទីផ្សារវៀតណាមបានកើនឡើងឥតឈប់ឈរក្នុងរយៈបេលប៉ុន្មានឆ្នាំថ្មីៗនេះ។ វិនិយោគិនម៉ាឡេស៊ីក៏យកចិត្តទុកដាក់សហប្រតិបត្តិការជាមួយវៀតណាមលើវិស័យដែលមានសក្តានុពលជាច្រើនដូចជា៖ កសិកម្ម ជលផល ផលិតផល halad ម្ហូបអាហារកែច្នៃ ក៏ដូចជាផលិតផល និងគ្រឿងបន្លាស់អេឡិចត្រូនិកផងដែរ

ទស្សនៈអំពីបញ្ហាអន្តរជាតិជាច្រើន និងគោលនយោបាយផ្ទៃក្នុងរបស់វៀតណាម និងម៉ាឡេស៊ីក៏មានលក្ខណៈស្រដៀងគ្នាជាច្រើន។ គុណសម្បត្តិនេះ រួមជាមួយនឹងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់គឺជាមូលដ្ឋាន ដើម្បីពង្រីកថែមទៀតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ។ អញ្ជើញថ្លែងមតិក្នុងឱកាស នៃដំណើរទស្សនកិច្ចនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Sri Ismail Sabri bin Yaakob (ខែមីនា ឆ្នាំ ២០២២) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអះអាងថា៖ទំនាក់ទំនងរវាងវៀតណាម និងម៉ាឡេស៊ីបានឆ្លងកាត់ផ្លូវដ៏វែងឆ្ងាយនៃការកសាង និងអភិវឌ្ឍន៍ជាមួយសញ្ញាសម្គាល់ដ៏សំខាន់គឺប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងភាពចាដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ ២០១៥ ដែលកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាប្រកបដោយប្រសិទ្ធភាពជាផ្លែផ្កា កាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ជាមួយនឹងសុច្ឆន្ទៈ និងការខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ម៉ាឡេស៊ីនឹងកាន់តែអភិវឌ្ឍយ៉ាងទូលំទូលាយពីមួយថ្ងៃទៅមយយថ្ងៃ

ទំនាក់ទំនងជឿទុកចិត្ត ជិតស្និទ្ធលើកំរិតពហុភាគី

លើកម្រិតពហុភាគី ប្រទេសទាំងពីរសុទ្ធតែបានបង្ហាញពីទំនាក់ទំនងជឿទុកចិត្ត និងជិតស្និទ្ធ ខណៈពេលដែលប្រទេសទាំងពីរជាសមាជិកនៃអង្គការសំខាន់ៗជាច្រើន ដូចជា៖ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី ប៉ាស៊ីហ្វិក (APEC) អង្គការសហប្រជាជាតិ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។ ភាគីទាំងពីរបានចែករំលែកទស្សនៈលើបញ្ហាជាច្រើនដូចជា៖ មជ្ឈភាពរបស់អាស៊ានក្នុងនិម្នាបនកម្មសន្តិសុខតំបន់ ការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ហើយចំបាច់ត្រូវសម្រេចឲ្យបានក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)

ទាក់ទងនឹងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ដើម្បីរួមគ្នាជំរុញស្ថិរភាព និងវិបុលភាពក្នុងតំបន់ ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅវៀតណាម លោក Dato Tan Yang Thai បានមានប្រសាសន៍ថា៖ ម៉ាឡេស៊ីស្នើឲ្យវៀតណាមចូលរួមកម្មវិធីសហប្រតិបត្តិការបច្ចេកទេសម៉ាឡេស៊ី (MTCP)។ កម្មវិធីនេះជាផ្នែកមួយក្នុងការសន្យារបស់រដ្ឋាភិបាលម៉ាឡេស៊ីសំដៅជំរុញកិច្ចសហប្រតិបត្តិការបច្ចេកទេសរវាងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍បង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអនុតំបន់ ព្រមទាំងជំរុញភាពខ្លួនទីពឹងខ្លួនជាសមូហភាពរវាងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។ ប្រទេសទាំងពីរចាំបាច់ត្រូវទាញយកជាអតិបរមាគំនិតផ្តួចផ្តើមនៅវេទិកាទ្វេភាគី និងពហុភាគី ដើម្បីបង្កើនពាណិជ្ជកម្ម

ឆ្នាំ ២០២៣ បានគូសសញ្ញារយៈពេល ៥០ ឆ្នាំ ទិវាបង្កើតទំនាក់ទំនងការទូតរវាងម៉ាឡេស៊ី និងវៀតណាម។ រាល់សមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការក្នុងរយៈពេល ៥ ទស្សវត្សរិ៍កន្លងទៅរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពយូរអង្វែង និងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម និងម៉ាឡេស៊ី ហើយជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសទាំងរួមគ្នាឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ថ្មីផងដែរ៕

top