នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ នៅវិមានប្រធានរដ្ឋ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim និងលោកជំទាវ ក្នុងឱកាសមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២១ ខែកក្កដា។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ (រូបថត៖ Trong Phu/VOV)
នៅក្នុងជំនួបពិភាក្សាការងារបន្ទាប់ពីពិធីទទួល
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar
Ibrahim បានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ
ការជួបប្រាស្រ័យជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់រវាងបក្ស រដ្ឋ រដ្ឋាភិបាល
និងសភានៃប្រទេសទាំងពីរ; ពិចារណាកសាងយន្តការសម្រាប់
នាយករដ្ឋមន្ត្រីទាំងពីរជួបប្រជុំគ្នាជាប្រចាំឬតាមកាលកំណត់ក្នុងទម្រង់ប្រកបដោយភាពបត់បែននៅវេទិកាពហុភាគី; ខិតខំប្រឹងប្រែងនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់
១៨ ពាន់លានដុល្លារនៅឆ្នាំ ២០២៥ តាមទិសដៅតុល្យភាព; កាត់បន្ថយការអនុវត្តរបាំងពាណិជ្ជកម្ម;
ជួយសម្រួលដល់ការនាំចូល និងនាំចេញផលិតផលដែលមានសក្តានុពល
និងប្រៀបខ្លាំងនៃភាគីទាំងពីរ ដូចជាកសិផល ជលផល អាហារ គ្រឿងបន្លាស់អេឡិចត្រូនិក
សម្ភារសំណង់; ឆ្លៀតយកឱកាសឲ្យបានល្អពីកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់;
ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចឌីជីថល
សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចចែករំលែក។ លោកនាយករដ្ឋមន្ត្រី Pham
Minh Chinh បានបញ្ជាក់ថា វៀតណាមត្រៀមខ្លួនជាស្រេច ផ្តល់ប្រភពអង្ករដោយស្ថិរភាព
និងយូរអង្វែងសម្រាប់ម៉ាឡេស៊ី
ហើយស្នើឲ្យម៉ាឡេស៊ីជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍឧស្សាហកម្មហាឡាល់
ហើយឆាប់ចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការក្នុងវិស័យនេះ។
នាយករដ្ឋមន្ត្រីទាំងពីរក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការសមុទ្រ
និងមហាសមុទ្រ; ពិចារណាលើការបង្កើតយន្តការពិគ្រោះយោបល់លើបញ្ហានៅសមុទ្រ
និងការបង្កើតបណ្តាញទូរស័ព្ទបន្ទាន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទដោយខុសច្បាប់
មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើឱ្យម៉ាឡេស៊ីគាំទ្រវៀតណាមក្នុងការដកកាតលឿងរបស់
EC (គណៈកម្មាធិការអឺរ៉ុប) ទៅលើផ្នែកជលផលរបស់វៀតណាម។
នាយករដ្ឋមន្ត្រីទាំងពីរក៏បានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត;
តាមនោះពិចារណាលើការចុះហត្ថលេខាជាថ្មីលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការអាកាសចរណ៍
និងទេសចរណ៍; បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ
បណ្តុះបណ្តាល ពលកម្ម កសិកម្ម វប្បធម៌ និងកីឡា; បង្កើនការជួបប្រាស្រ័យប្រជាជនរវាងប្រទេសទាំងពីរ។
ភាគីទាំងពីរបានឯកភាពសម្របសម្រួលជាមួយបណ្តាប្រទេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍
(អាស៊ាន) ដទៃទៀត ដើម្បីធានាសាមគ្គីភាព និងឯកភាពក្នុងអាស៊ាន; រួមគ្នាស្នើឡើងគំនិតផ្តួចផ្តើមដ៏សមស្របដើម្បីអនុវត្តន៍យ៉ាងជាក់ស្ដែងនូវអាទិភាពនានារបស់អាស៊ានក្នុងឆ្នាំ២០២៣។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានបញ្ជាក់នូវការគាំទ្រចំពោះម៉ាឡេស៊ីដើម្បីទទួលតួនាទីជាប្រធានអាស៊ានឆ្នាំ
២០២៥ ដោយជោគជ័យ។ នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពរក្សាគោលជំហររួមរបស់អាស៊ានលើបញ្ហាសមុទ្រខាងកើត;
បន្តសម្របសម្រួលក្នុងការចរចាលើក្រមប្រតិបត្តិ (COC) នៅដំណាក់កាលបន្ទាប់; ចូលរួមចំណែកយ៉ាងសកម្មដើម្បីធានាការកសាង
COC យ៉ាងជាក់ស្ដែង មានសុពលភាព និងស្របតាមច្បាប់អន្តរជាតិ
ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ផងដែរ៕