ព័ត៌មាន

វៀតណាម - នូវែលសេឡង់ យល់ព្រមពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសនូវែលសេឡង់ នៅព្រឹកថ្ងៃទី១៣ ខែសីហា (តាម​ម៉ោងក្នុងស្រុក) នៅទីក្រុងអូកឡែន អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក គ្រីស្តូហ្វើរ លុចសុន(Christopher Luxon​)។

អគ្គលេខាបក្ស ប្រធានរដ្ឋ វៀតណាម លោក តូ ឡឹម និងនាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Christopher Luxon។ រូបថត៖ VNA

នៅក្នុងកិច្ចសន្ទនា មេដឹកនាំទាំងពីរបានឯកភាពគ្នាបន្តពង្រឹងទំនុកចិត្តនយោបាយ និងអភិវឌ្ឍទំនាក់ទំនងទ្វេភាគីឱ្យបានទូលំទូលាយ។ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡាំ បានស្នើថា ភាគីទាំងពីរគួរតែពង្រឹងការអនុវត្តប្រកបដោយប្រសិទ្ធភាព​កម្មវិធីសកម្មភាពសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងនូវែលសេឡង់​ដំណាក់កាល ២០២៥-២០៣០។ ភាគីទាំងពីរបានឯកភាពគ្នា អភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខឱ្យ​កាន់តែ​ជាក់ស្តែងនិងមានប្រសិទ្ធភាព ស្រាវជ្រាវការបង្កើតយន្តការទំនាក់ទំនងផ្ទាល់ ឬខ្សែទូរស័ព្ទទាន់ហេតុការណ៍សម្រាប់ករណីបទល្មើសឆ្លងដែន។

លោកនាយករដ្ឋមន្ត្រី គ្រីស្តូហ្វើរ លុចសុន បានអះអាងថា នូវែលសេឡង់នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្មនិងវិនិយោគ តាមនោះ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់​សហគ្រាសនៃប្រទេសទាំងពីរ ដើម្បីមានឱកាសសហប្រតិបត្តិការនិងការវិនិយោគ។ ដោយវាយតម្លៃខ្ពស់ចំពោះការគាំទ្រជាក់ស្តែង និងមានប្រសិទ្ធភាពរបស់រដ្ឋាភិបាលនូវែលសេឡង់ លោកអគ្គលេខា​បក្ស ប្រធានរដ្ឋ តូ ឡឹម បានសម្តែងបំណងចង់បន្តរួម​ដំណើរជាមួយនូវែលសេឡង់ ក្នុងការកសាងកសិកម្មបៃតង បំភាយឧស្ម័នទាប និងធន់នឹងការប្រែប្រួល​អាកាសធាតុ ដែលធានាសន្តិសុខស្បៀងអាហារ។

អគ្គលេខាបក្ស ប្រធានរដ្ឋ វៀតណាម លោក តូ ឡឹម ជួបសន្ទនាជាមួយ​នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Christopher Luxon។ រូបថត៖ VNA

ភាគីទាំងពីរបានអះអាងថា នឹងបន្តចែករំលែកបទពិសោធន៍ក្នុងការកសាងរដ្ឋាភិបាលឌីជីថល និងប្រព័ន្ធអេកូឡូស៊ីដែលបម្រើដល់ការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា​។ ភាគីទាំងពីរបានយល់ព្រមនាំការអប់រំ ទេសចរណ៍ ការតភ្ជាប់ និងការជួបប្រាស្រ័យ​រវាងប្រជាជននិង​ប្រជាជន ក្លាយ​ជាកម្លាំងចលករដ៏សំខាន់នៃទំនាក់ទំនងទ្វេភាគី។

មេដឹកនាំទាំងពីរបានអះអាងថា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើបញ្ហាតំបន់និងអន្តរជាតិដែលជាការយក​ចិត្ត​ទុក​ដាក់រួម​របស់វេទិកាពហុភាគី ជាពិសេសអង្គការសហប្រជាជាតិ (UN)។ ភាគីទាំងពីរក៏បានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការគោរពច្បាប់អន្តរជាតិនៅក្នុងតំបន់ និងដោះស្រាយជម្លោះនៅសមុទ្រខាងកើតតាមរយៈមធ្យោបាយសន្តិភាព ស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ៕​


top